ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី៩ ដល់ទី១២ ៥.៣២០នាក់ ទទួលប័ណ្ណធានារ៉ាប់រង

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃ​ទី១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​​ នៅ​សាលា​ ​ប៊ែលធី ​​​​អន្តរជាតិ​​​ បានប្រារព្ធពិធីប្រគល់ប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេ ជូនដល់សិស្សថ្នាក់ទី៩ ដល់ទី១២ក្រោម​អធិបតី​ភាព​​របស់​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ​ និងលោក យក់ ចំរើនឫទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ជាង៣៥.០០០នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ​ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ក្នុង​ឱ​កាស​នោះ​ដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បាន​មានប្រសាសន៍ថា៖ សាលា បានសម្រេចផ្តល់ជូនប័ណ្ណធានារ៉ាប់រង គ្រោះថ្នាក់បុគ្គល របស់ក្រុមហ៊ុនហ្វតតេ ជូនដល់សិស្សានុសិស្ស ថ្នាក់ទី៩ ដល់ ទី១២ ដើម្បីជាការលើកទឹកចិត្ត និងការព្រួយបារម្ភ ពីសុវត្ថិភាពរបស់សិស្ស។ ប័ណ្ណធានារ៉ាប់រងនេះ នឹងជួយកាត់បន្ថយលើការចំណាយព្យាបាលរបួស ក្នុងករណីមានគ្រោះថ្នាក់ ដែលកើតឡើង ២៤ម៉ោង លើ២៤ម៉ោង រយៈពេល ១ឆ្នាំ។ បន្ថែមលើនេះទៀត ការធានារ៉ាប់រងនេះ ក៏បានជួយដោះស្រាយលើគ្រោះថ្នាក់ផ្សេងៗទៀត ដូចជាៈ ពេលធ្វើដំណើរ លក្ខខណ្ឌនៃការបាត់ខ្លួន ពស់ចឹក និង សត្វលិ្អតទិច ឬ ខាំ ព្រមទាំង ពិការភាព មរណភាព និង ថ្លៃបុណ្យសពទៀតផង។

លោក លី ប៊ុនឆៃ បានបន្ថែមទៀតថា កន្លងមក ប៊ែលធី គ្រុប ក៏បានយកចិត្តទុកដាក់លើហានិភ័យការងាររបស់បុគ្គលិកទាំងអស់ ដោយបានផ្តល់ជូន នូវប័ណ្ណធានារ៉ាប់រង របស់ក្រុមហ៊ុនហ្វតតេ ជូនដល់បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដែលបម្រើការនៅប៊ែលធី ចាប់ពី ៣ឆ្នាំឡើងទៅ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបានល្អ ដោយមិនមានការព្រួយបារម្ភ ពីការចំណាយលើថ្លៃព្យាបាល ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗណាមួយ និង ស្របតាមគតិបណ្ឌិត របស់ប៊ែលធី គ្រុបគឺ “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន” ។

បន្ទាប់មក​ លោក យក់ ចំរើនឫទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ក៏បានថ្លែងអំណរគុណចំពោះ ប៊ែលធី ដែលមានជំនឿទុកចិត្តលើក្រុមហ៊ុនហ្វតតេ។ ក្រុមហ៊ុន នឹងបន្តការខិតខំផ្តល់ជូនការធានារ៉ាប់រងនេះ ឲ្យកាន់តែប្រសើរថែមទៀត។

ជា​ទី​បញ្ចប់​ ​ប្រ​ធាន​គណៈ​អ​ធិប​តី បានប្រគល់ប័ណ្ណធានារ៉ាប់រងរបស់ក្រុមហ៊ុនហ្វតតេជូនដល់សិស្សថ្នាក់ទី៩ ដល់ទី១២ ​នា​ពេល​នោះ​ផង​ដែរ៕ សរស្មី


ចែករំលែក៖