ខេត្តបាត់ដំបង៖ បុរស២នាក់បានរងរួសធ្ងន់ស្រាលក្នុងចំណោមគ្នា៤នាក់ពួកគេបានកែច្នៃផាវគ្រាប់បែកខុសច្ចេកទេសផ្ទុះត្រូវខ្លួនឯងដើម្បីបោកយកត្រីនៅក្នុងទឹកស្ទឹង។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ា ធី អធិការនគរបាលស្រុករុក្ខគីរីប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ១,ខួ តូរី អាយុ៣០ឆ្នាំ របួសធ្ងន់ ដាច់ប្រអប់ដៃឆ្វេង និងរបួសស្មាឆ្វេង ២,ឈឹម ឆាន អាយុ៣៧ឆ្នាំ របួសស្រាលត្រូវចំផ្លូខាងឆ្វេង ជនរងគ្រោះទាំង២នាក់រស់នៅភូមិឃុំខាងលើ ចំណែក២នាក់ទៀតគេចផុតពីគ្រោះថ្នាក់។
លោកអធិការប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុពួកគេមានគ្នា៤នាក់ បានកែច្នៃផាវគ្រាប់បែកដាក់ក្នុងបំពង់ដែកមូលមួយនិងធាតុផ្សំមួយចំនួនទៀតហើយតខ្សែឈ្នួនភ្ជាប់និងបំពង់ផាវកែច្នៃដើម្បីដុតបោះបំផ្ទុះយកត្រីនៅក្នុងស្ទឹងខាងមុខផ្ទះជនរងគ្រោះ។បន្ទាប់មកពួកគេទាំង៤នាក់ដោយ២នាក់នៅឈរចាំមើលពីចម្ងាយដោយឡែក២នាក់ទៀតជាជនជនរងគ្រោះនោះដោយម្នាក់ជាអ្នកកាន់បំពង់ដែកមូលដាក់ផាវគ្រាប់បែកកែច្នៃ ចំណែកម្នាក់ទៀតជាអ្នកដុតខ្សែឈ្នួន។លុះនៅពេលយកដែកកេះដុតខ្សែដើម្បីបំផ្ទុះដោយឃើញខ្សែនោះមិនឆេះ អ្នកកាន់បំពង់ដែកមូលដាក់ផាវគ្រាប់បែកកែច្នៃ ក៏មិនប្រលែងបោះក្នុងស្ទឹងនោះឡើយ។រំពេចនោះក៏ស្រាប់តែបំពង់ដែកមូលកែច្នៃផាវគ្រាប់បែកក៏ផ្ទុះឡើងយ៉ាងកក្រើកបណ្តាលឲ្យត្រូវជនរងគ្រោះទាំង២នាក់នោះតែម្តង។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថាៈក្រោយពីកើតហេតុនោះភ្លាមកម្លាំងនគរបាលក៏បានចុះទៅទីកន្លែងនោះ ហើយក៏បានដឹកជនរងគ្រោះរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យស្រុកមោងប្ញស្សី និងម្នាក់ទៀតរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមបញ្ជាក់ថាផាវគ្រាប់បែកផលិតនៅក្នុងប្រទេសថៃត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយ។ផាវគ្រាប់បែកត្រូវបានគេទិញមកប្រើប្រាស់ដើម្បីដុតបំផ្ទុះដេញសត្វកណ្តុរចូលស៊ីស្រូវប្រាំង។ផាវគ្រាប់បែកដោយកាលពីកន្លងទៅមានករណីរថយន្ត១គ្រឿងដឹកផ្ទុកផាវគ្រាប់បែកខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរថយន្តស្លាប់ជនរងគ្រោះ៣នាក់នៅខេត្តបន្ទាយមានជ័យ និងកុមារ២នាក់បានលេងដុតផាវគ្រាប់បែកនៅខេត្តកណ្តាលបណ្តាលឲ្យផ្ទុះស្លាប់និងរងរបួសជាងនេះថែមទៀត ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជនជាតិចិននៅឆ្នាំ២០១៧ មនុស្សពេញវ័យម្នាក់ បានលេងដុតផាវគ្រាប់បែកបណ្តាលឲ្យផ្ទុះដាច់ដៃម្ខាង នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង ផងដែរ ៕សំ វិច្ឆិកា