ភ្នំពេញ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះនៃពានរង្វាន់ Sponsor Futsal-Cup លើកទី៦ នៅមណ្ឌល ភ្នំពេញ បានបញ្ចប់ជាស្ថាពរកាល កាលពីរាត្រីថ្ងៃអាទិត្យទី១៧ ខែធ្នូ នៅទីលាន ដោនថោន ក្នុង ខណ្ឌសែនសុខ ដោយបានរកឃើញ ជើងខ្លាំងចំនួន ២ក្រុម សម្រាប់ឡើងទៅប្រកួតវគ្គ១០ ក្រុមចុង ក្រោយ គឺ ក្រុមរ៉ូលីង អេហ្វ ស៊ី និងក្រុម ហូមស្ប៉ត ។
ក្រោយពីប្រកួតប្រជែងអស់ រយៈពេល ២ថ្ងៃ ក្រុម រ៉ូលីង បានជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំមណ្ឌលរាជធានីភ្នំពេញ បន្ទាប់ពីបានយកឈ្នះ ក្រុម ហូមស្ប៉តទាំងប្រផិត ប្រផោយនៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ១ទល់០ ក្លាយជាជើងឯកប្រចាំមណ្ឌលភ្នំពេញ ដោយទទួលបានប្រាក់រង្វាន់ចំនួន២លានរៀល ចំណែកក្រុម ហូមស្ប៉ត ជើងឯករងទទួលបានប្រាក់រង្វាន់ ចំនួន ១ លាន៦សែនរៀល ។
លោក សឹម សានត្រាន អ្នករៀបចំការប្រកួតបានឲ្យដឹងថា ការប្រកួតបាល់ទាត់ពានរង្វាន់ Sponsor Futsal-Cup លើកទី៦នេះ បែងចែកជា២ដំណាក់កាលគឺទី១-ការប្រកួតជម្រុះស្វែងរកក្រុមខ្លាំងចំនួន ១០ក្រុម ក្នុងចំណោមមណ្ឌល ចំនួន ៥ ដែលមានក្រុមជាច្រើនបានដាក់ពាក្យចូលរួមប្រកួត ។ បន្ទាប់ពីមណ្ឌលភ្នំពេញ នឹងបន្តទៅ មណ្ឌលខេត្តបន្ទាយមានជ័យ គឺធ្វើនៅថ្ងៃទី២៣-២៤ ខែធ្នូ មណ្ឌលសៀមរាប ថ្ងៃទី៣០-៣១ធ្នូ មណ្ឌលព្រៃវែង ថ្ងៃទី០៦-០៧ មករា២០១៨ និងមណ្ឌលព្រះសីហនុ ថ្ងៃទី១៣-១៤ មករា ២០១៨ ។
សម្រាប់៥មណ្ឌលនេះ នឹងត្រូវសម្រាំងរកក្រុមខ្លាំងៗ ចំនួន២ ក្នុងមណ្ឌលនីមួយៗ ដើម្បីឡើងមកប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនាថ្ងៃទី២០-២១ មករា២០១៨នាទីលាន Down Town Club ។
លោក សៅ សីហា តំណាងក្រុមហ៊ុនភេសជ្ជៈស្ប៉នស័រ បានសម្តែងនូវការអបអរចំពោះ ក្រុមដែលទទួលជ័យលាភី ខិតខំប្រកួតរហូតក្លាយជាក្រុមជើងឯក Sponsor Futsal-Cup ប្រចាំមណ្ឌលភ្នំពេញនេះ ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈស្ប៉នស័រ នៅតែបន្ដគាំទ្រ និងរៀបចំព្រឹត្តិកាណ៍ កីឡាបាល់ទាត់ ហ្វូតសាលបន្ដទៀតដើម្បីជួយលើកស្ទួយវិស័យបាល់ទាត់ហ្វូតសាល និង ជួយទ្រទ្រង់សុខភាព ដល់កីឡាករ និងអ្នកចូលរួមទាំងអស់ ផងដែរ ៕ សារីម