ភ្នំពេញ៖ ស្ដ្រីម្នាក់ស្លាប់ទាំងម្ដាយនិងកូនពេលបញ្ជូនទៅដល់មន្ទីរពេទ្យដោយហេតុការឆក់ខ្សែភ្លើង ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០ នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះ សុខុម លីនដា អាយុ២៩ឆ្នាំ មុខរបរ លក់ទឹកក្រឡុក បង្អែមផ្លែឈើ និងម្ជូរ និងប្ដីឈ្មោះ យ៉ុង រៃយ៉ា ជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទ សព្វថ្ងៃមានកូនប្រុស២នាក់ និងកូនក្នុងផ្ទៃអាយុ៦ខែជាងម្នាក់ទៀត ។
បើយោងតាមសំដីនារីម្នាក់ដែលជាអ្នកមើលថែកូនអោយស្ត្រីរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះត្រូវរទេះលក់ទឹកក្រឡុកគៀបជើង ស្ត្រីរងគ្រោះក៏បានទៅមើល ហើយក៏នាំកូនចូលក្នុងផ្ទះ រួចក៏ត្រលប់មកកន្លែងដាក់លក់រទេះលក់ម្ជូរវិញ ដោយមិនបានចាប់អារម្មណ៍ ស្ត្រីរងគ្រោះក៏បានដើរទៅដោតឌុយ ដើម្បីបើកភ្លើងរទេះលក់ម្ជូរនិងកន្លែងលក់ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់បណ្ដាលអោយដួល ក៏ភ្ញាក់ផ្អើលឆោរឡោឡើងតែម្ដង ។ ភ្លាមៗនោះក្រុមគ្រួសារក៏បានដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏មិនអាចធ្វើការជួយសង្គ្រោះបានដែរ ព្រោះស្ត្រីរងគ្រោះបានស្លាប់ មុនពេលបញ្ចូលទៅមន្ទីរពេទ្យម៉្លេះ ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះមានផ្ទៃពោះ៦ខែ ឆក់ខ្សែភ្លើងស្លាប់គួរអោយអាឡោះអាល័យនោះ ត្រូវបានក្រុមគ្រួសារកំពុងតែធ្វើបុណ្យតាមប្រពៃណី នៅផ្ទះកើតហេតុផ្ទាល់តែម្ដង៕ ប្រាថ្នា