ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំ តៃកុងងងុយដេកជ្រុលចង្កូត បុកដើមស្វាយនិងរបងមន្ទីរវប្បធម៌

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកទៅបុកនឹងដើមស្វាយ និង របងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បណ្តាលឲ្យខូចខាតរថយន្ត និងរបងមន្ទីរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៣D-២២៤៩ត្បូង បើកបរដោយឈ្មោះ ភឿន ឆវ័ន្ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរក្នុងទិសដៅពីជើងទៅ នៅពេលមកដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេក រថយន្តដឹកទំនិញនេះ ក៏បានរេចង្កូត ឡើងខឿនចិញ្ចើមផ្លូវការ៉ូឡា បុកដើមស្វាយធំមួយដើម ជ្រុលទៅបុករបងមន្ទីរវប្បធម៌កៀបជាប់រថយន្តទៅមុខលែងរួចតែម្តង តែសំណាងល្អទាំងព្រូ និង អ្នកបើកបរ មិនរងគ្រោះថ្នាក់ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរករថយន្តទាញរថយន្តចេញ យកទៅករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖