ព័ត៌មានទាន់ហេតុការណ៍៖

សាលារៀនមួយខ្នងនៅភូមិប៉ាងរលឹមក្នុង សង្កាត់អូរតាវ៉ៅ អាជ្ញាធរមូលដ្ឋាននិងអាណាព្យាបាលសិស្សព្រួយបារម្ភ ស្នើសុំអាជ្ញាធរខេត្តជួយសាងសង់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនិងអាជ្ញាធរព្រមទាំងសិស្សកំពុងព្រួយបារម្ភពី សាលាបឋមសិក្សាប៉ាងរលឹមក្នុង ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាសាលាដ៏តូចមួយ មានសភាពចាស់ទ្រុឌទ្រោមអស់រយៈពេលជាយូរឆ្នាំមកហើយ គួបផ្សំនិងជញ្ជាំងរហែកធ្លោះធ្លាយ ថ្ងៃរះចាំងភ្នែក ប្រសិនបើខែវស្សា ធ្លាក់ភ្លៀង វាសាចជះទទឹកកូនសិស្ស ដែលកំពុងរៀន និងបញ្ហាហានីភ័យខ្ពស់សម្រាប់គ្រូ និងសិស្ស ហើយក៍អំពាវនាវ សូមឲ្យអាជ្ញាធរស្រុក/ខេត្តនិងសប្បរសជនជួយសាងសង់ឲ្យបានស្អាតល្អ ។

តាមសំដីរបស់អាណាព្យាបាលសិស្សនៅសាលារៀនបឋមសិក្សាខាងលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៧ថា, សាលារៀនមួយខ្នងនេះបានខូចរាប់ឆ្នាំមកហើយមិនដែលឃើញមានអាជ្ញាធរឬមន្ទីរជំនាញចុះមកជួយដោះស្រាយឲ្យកូនសិស្សក៍ជាលោកគ្រូ អ្នកគ្រូ នៅទីនេះឡើយ ទើបប៉ុន្មានខែមុននេះ មានខាងភូមិយក ក្តាកុងផ្វាកគេ មកបិទធ្វើជញ្ជាំងឲ្យបានជិត តែពេលនេះ បានខូចទៅវិញហើយដែរ ។

ពួកគាត់បន្តថា៖ សាលារៀនមួយខ្នងនេះ ធ្វើអំពីឈើប្រក់ស័ង្កសី ដែលសិស្សកំពុងអង្គុយរៀនរាល់ ទាំងលំបាក ក្តារ ជញ្ជាំងពុកផុយ ប្រហោងចាំងថ្ងៃចូល ពេលថ្ងៃរះចាំងចំភ្នែកសិស្សមើលអក្សរមិនឃើញ ពេលភ្លៀងមក ម្តងៗសាចទឹកភ្លៀង និងខ្យល់ចូលជាដើម ហើយប្រការទាំងអស់នេះ បានធ្វើឲ្យពួកគាត់មួយចំនួនបង្ខំ ចិត្តឲ្យកូនឈប់រៀន និងយកកូនទៅរៀនសាលានៅឆ្ងាយពីផ្ទះខ្លាចកូនរងគ្រោះ ថ្នាក់ ។

ពួកកាត់ បានបន្តថា៖នៅតំបន់ដែលពួកគាត់រស់នៅ គឺមានការខ្វះខាត់ដូចជាប្រព័ន្ធភ្លើងអគ្គីសនី ប្រព័ន្ធទឹកស្អាត់ ទាំងនេះជាបញ្ហាប្រឈមខ្លាំងសម្រាប់ពួកគាត់ នៅពេលដែលកូនខំប្រឹងរៀននៅផ្ទះពុំមានភ្លើងអគ្គីសនី បើដុតភ្លើងទៀន វារហ័សអស់ ហើយមានខ្យល់ខ្លាំងវារលត់ផងដែរ ។

ប្រការទាំងអស់នេះ ធ្វើឲ្យពួកគាត់ ធ្វើការស្នើសុំតាមរយៈទូរទស្សន៍អាស៊ីអាគ្នេយ៍ ជួយផ្សព្វផ្សាយ អំពាវនាវដល់អាជ្ញាធរស្រុក ខេត្ត ទ្រង់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ និងសប្បុរសជនទាំងអស់ ឲ្យជួយជួសជុលកសាងសាលារៀន និងដាក់ប្រព័ន្ធភ្លើងអគ្គីសនី ក្នុងមូលដ្ឋានពួកគាត់ផងដែរ ។

ពាក់ព័ន្ធបញ្ហាខាងលើ លោក ឆន ម៉េងគ្រុយ អនុប្រធានភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះថា៖សាលាបឋមសិក្សាប៉ាងរលឹមក្នុងបានកសាងឡើងតាំងពីឆ្នាំ២០០៣មកម្ល៉េះពោលគឺជាង១០ឆ្នាំមកហើយសព្វថ្ងៃកូនសិស្សដែលរៀនក្នុងសាលានេះ មានតែថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ប៉ុណ្ណោះ សរុបសិស្ស ជិត២០នាក់ ហើយសុទ្ធតែជាសិស្សមានជីវភាពក្រីក្រ និងក្មេងកំព្រា ឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនឲ្យទៅរៀននៅពីផ្ទះឆ្ងាយ ព្រោះពួកគេនៅក្មេងៗតូចៗ ។

លោកបានប្រាប់បន្តថា ភូមិប៉ាងរលឹមក្នុងដែលសាលាបឋមសិក្សាប៉ាងរលឹមក្នុងតាំងនៅនោះគឺមានប្រជាជនតិចតូចហើយប្រជាពដ្ឋទាំងនោះមានជីវភាពក្រខ្សត់មិនមានលទ្ធភាពបញ្ជូនកូនៗទៅរៀនសាលាឆ្ងាយក៏មិនមានធនធានណាជួយជ្រោមជ្រែងសាលាដែលកូនៗរបស់ពួកគាត់រៀនរាល់ថ្ងៃ។

ជាមួយគ្នានេះដែររូបលោកក៍បានលើកដៃប្រណមអំពាវនាវទទូចហើយទទូចទៀតប្រកាសស្នើសុំជំនួយពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ អ្នកឧកញ៉ា លោកឧកញ៉ា ក៏ដូចជាសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមត្រួសត្រាយផ្លូវមួយនេះផងដែរ ៕ ស សារ៉េត


ចែករំលែក៖