ព័ត៌មានទាន់ហេតុការណ៍៖

ផាយផេចាប់ដៃគូជាមួយ Alipay ដើម្បីឈោងចាប់ភ្ញៀវទេសចរណ៍ចិននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនផាយផេ (Pi Pay) បានអភិវឌ្ឍន៍វិស័យទូទាត់មិនប្រើក្រដាសប្រាក់នៅកម្ពុជាមិនទាន់បាន៦ខែនៅឡើយទេហើយនៅថ្ងៃនេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹង Alipay ជាក្រុមហ៊ុនផ្ដល់សេវាទូទាត់ចល័ត និងតាមអនឡាញធំជាងគេបំផុតក្នុងពិភពលោក ដែលប្រតិបត្តិការដោយសម្ពន្ធក្រុមហ៊ុន Ant Financial Services Group។

តាមរយៈកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដែលនឹងធ្វើឲ្យផាយផេក្លាយជាដៃគូក្នុងស្រុកដំបូងគេរបស់ Alipay នៅកម្ពុជាដែលអនុញ្ញាតឲ្យអាជីវករអាចចូលរួមប្រើប្រាស់កម្មវិធី Alipay និងឈោងចាប់យកអតិថិជនជាភ្ញៀវទេសចរណ៍ចិនបានកាន់តែច្រើនថែមទៀត។

កម្មវិធីទូទាត់ដោយមិនប្រើក្រដាសប្រាក់ផាយផេបាន និងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សហើយក្លាយជាជម្រើសដ៏ពេញនិយមនៅក្នុងរាជធានីភ្នំពេញសម្រាប់ការទូទាត់ដោយប្រើឧបករណ៍ចល័ត ដោយក្នុងនោះមានការទាញយកកម្មវិធីនេះរហូតដល់ទៅជាង១៦៨.០០០ដង ហើយទឹកប្រាក់សរុបរហូតដល់ទៅ២៧លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអ្នកប្រើប្រាស់ចាយវាយ និងផ្ទេរតាមរយៈកម្មវិធីនេះ។

ភាពជាដៃគូនេះ នឹងធ្វើឲ្យកម្មវិធី Alipay ក្លាយជាជម្រើសភ្លាមៗសម្រាប់ភ្ញៀវទេសចរណ៍ចិនក្នុងការទូទាត់ការចំណាយជាមួយបណ្ដាញអាជីវកររបស់ផាយផេនៅក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃផាយផេមានដៃគូអាជីវកម្មជាង១.៤០០កន្លែង ដែលក្នុងនោះមានទាំងភោជនីយដ្ឋានលំដាប់ប្រណីត ហាងលក់សម្លៀកបំពាក់ និងស្ប៉ា ក៏ដូចជាមីនីម៉ាត និងស្ថានីយប្រេងឥន្ធនៈផងដែរ។

យោងតាមក្រុមហ៊ុនទាំង២បានឲ្យដឹងថា នៅពេលនេះការទូទាត់តាមសេវានេះ នឹងអាចប្រើបាននៅក្នុងរាជធានីភ្នំពេញ ចំណែកឯនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ នឹងអាចប្រើបាននៅថ្ងៃអនាគតឆាប់ៗ។

ជាមួយនឹងភាពជាដៃគូនេះភ្ញៀវទេសចរណ៍ចិនដែលធ្វើដំណើរមកកម្ពុជានឹងអាចប្រើប្រាស់កម្មវិធី Alipay សម្រាប់ការទូទាត់ចំណាយនៅគ្រប់ទីកន្លែងដែលមានដាក់កូដ QR របស់ផាយផេ។ អាជីវករកម្ពុជាដែលជាដៃគូរបស់ផាយផេ នឹងអាចប្រើប្រាស់ប្រព័ន្ធផាយផេរបស់ខ្លួនដើម្បីទទួលការទូទាត់ពីអ្នកប្រើប្រាស់កម្មវិធី Alipay បាន។ ធ្វើដូច្នេះនឹងជួយបង្កើនមូលដ្ឋានអតិថិជនសក្ដានុពលដែលជាភ្ញៀវទេសចរណ៍ចិនឬនិវាសនជនចិននៅកម្ពុជាដែលប្រើប្រាស់កម្មវិធី Alipay។

នាយកប្រតិបត្តិក្រុមហ៊ុនផាយផេលោកថូម៉ាសផូករនី (Tomas Pokorny) បានពន្យល់ថា ក្រុមហ៊ុនផាយផេមានកេរ្តិ៍ឈ្មោះរឹងមាំក្នុងនាមជាជម្រើសនៃការទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់សម្រាប់ប្រទេសកម្ពុជា ហើយស្របពេលដែលចំនួនភ្ញៀវទេសចរណ៍ចិនមកកម្ពុជាមានចំនួនកាន់តែច្រើនឡើង ហើយចង់បានភាពងាយស្រួលក្នុងការទូទាត់ទំនិញ និងសេវាតាមរយៈទូរស័ព្ទរបស់ខ្លួនដូចទម្លាប់ដែលគាត់ធ្វើនៅឯប្រទេសកំណើតដូច្នេះភាពជាដៃគូជាមួយ Alipay នេះគឺជាការសម្រេចចិត្តដែលស័ក្តិសម។

លោក ថូម៉ាស ផូករនី បានមានប្រសាសន៍ថា “យើងពិតជាមានមោទនភាពដែល Alipay ទទួលស្គាល់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន Pi Pay ក្នុងការបង្ហាញឲ្យឃើញពីតម្រូវការនៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា។ យើងទន្ទឹងរង់ចាំក្នុងការធ្វើការរួមគ្នា ដើម្បីបង្កើនចំនួនទីតាំងនៅទូទាំងប្រទេសកម្ពុជាដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចិនអាចទូទាត់ដោយមិនប្រើក្រដាសប្រាក់បាននៅទីនេះ”។

លោក ថូម៉ាស ផូករនី បានបន្ថែមទៀតថា “ក្រសួងទេសចរណ៍របស់កម្ពុជាបានព្យាករណ៍ថា គិតត្រឹមឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ ដែលក្នុងនោះភាគច្រើនសុទ្ធតែពេញចិត្តចំពោះគុណប្រយោជន៍នៃការមិនប្រើក្រដាសប្រាក់នៅក្នុងការរស់នៅរបស់ខ្លួន។ ដូច្នេះយើងមានក្តីរំភើបចំពោះចំពោះសមិទ្ធផលនេះសម្រាប់កម្ពុជាក៏ដូចជាសម្រាប់ពាណិជ្ជករដៃគូរបស់យើងដែលនឹងទទួលអត្ថប្រយោជន៍ពីកំណើនអតិថិជនរបស់ខ្លួន”។

លោកស្រី ឈឺរី ហ៊័ង (Cherry Huang) នាយកចាត់ការទូទៅផ្នែកអាជីវកម្មអន្តរជាតិក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា “Alipay មានបំណងនាំយកភាពងាយស្រួលដែលអ្នកប្រើប្រាស់ជាជនជាតិចិនទទួលបាននៅក្នុងប្រទេសកំណើតរបស់ខ្លួនទៅកាន់បណ្ដាប្រទេសនានានៅបរទេសដែលខ្លួនទៅលេង។ ហើយយើងអាចសម្រេចការងារនេះបានតាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រីកប្រព័ន្ធអាជីវករ និងប្រព័ន្ធដៃគូរបស់យើងទូទាំងសកលលោក។ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍ពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍ចិនបែបនេះ ដូច្នេះយើងមានសេចក្តីរំភើបរីករាយក្នុងការស្វាគមន៍ផាយផេមកធ្វើជាដៃគូអាជីវកម្មដើម្បីផ្ដល់អត្ថប្រយោជន៍នានាដល់អ្នកប្រើប្រាស់របស់យើង ហើយទន្ទឹមនឹងនេះ ផ្ដល់នូវមូលដ្ឋានដែលមានប្រសិទ្ធភាពសម្រាប់អាជីវកម្មក្នុងស្រុកនៅក្នុងប្រទេសកម្ពុជាដើម្បីឈោងចាប់យកអតិថិជនចិន”។

ភ្ញៀវទេសចរណ៍ចិនដែលចូលចិត្តមកលេងប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងឆ្នេរសមុទ្រនាខេត្តព្រះសីហនុកំពុងមកលេងនៅកម្ពុជាក្នុងចំនួនច្រើន គឺសឹងតែស្មើនឹង១ភាគ៤នៃភ្ញៀវទេសចរណ៍សរុបប្រមាណ៥លាននាក់កាលពីឆ្នាំ២០១៦ហើយភ្ញៀវទេសចរណ៍ចិនត្រូវបានព្យាករណ៍ថា នឹងមានកំណើនជាង៤០ភាគរយ នៅឆ្នាំ២០១៧។

ការច្រៀតចូលរបស់សេវាទូទាត់មិនប្រើក្រដាស់ប្រាក់នៅក្នុងប្រទេសចិនត្រូវបានជំរុញដោយការប្រើប្រាស់កូដ QR ដ៏ទំនើបដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្កែនកូដ QR របស់អាជីវករដោយប្រើប្រាស់កម្មវិធី Alipay របស់ខ្លួនរួច ហើយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់ និងចុចពាក្យ“យល់ព្រម”ដោយពុំមានការកាន់សាច់ប្រាក់ ឬការរង់ចាំអាប់លុយនោះទេ។

នៅប្រទេសកម្ពុជាបច្ចេកវិទ្យាបែបនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់កម្មវិធីផាយផេអាចទទួលបាននូវអត្ថប្រយោជន៍ដូចគ្នាដែលសម្រួលដល់ការរស់នៅហើយអ្នកប្រើប្រាស់កម្មវិធីផាយផេទាំងអស់អាចក្លាយជាអាជីវករដោយស្វ័យប្រវត្តិហើយអាចទទួលការទូទាត់ពីអ្នកប្រើប្រាស់កម្មវិធីផាយផេ ឬ Alipay សម្រាប់ទំនិញឬសេវាដែលគេលក់មិនថាក្នុងតម្លៃណានោះទេ៕ វឌ្ឍនា


ចែករំលែក៖