ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនរក្សាទុកគ្រឿងញៀនខុសច្បាប់រឹបអូសថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម និងកម្លាំងប្រជាការពារភូមិ ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី នៅភូមិចុងកៅសូ្ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សឿង វ៉ាន់ ហៅតុ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករដឹកខ្សាច់ (រក្សាទុក និងជួញដូរថ្នាំញៀន) និងទី២.ឈ្មោះ ជុំ វិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរកម្មករដឹកខ្សាច់ (រក្សាទុក និងជួញដូរថ្នាំញៀន)។ ជនសង្ស័យទាំង២នាក់នេះ មានទីលំនៅភូមិឃើកើតហេតុខាងលើ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន កម្លាំងបានដកហូតថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ហៅម៉ាទឹកកក៣កញ្ចប់ ទម្ងន់០,៤ក្រាម រួមទាំងឧបករណ៍ប្រើប្រាស់ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖