លោកវរសេនីយ៍ឯក សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹកប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧យប់ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីហិង្សាបណ្តាលឲ្យមរណភាពបង្កឡើងដោយប្តី ឈ្មោះ ធឿន សុភ័ក្រ អាយុ៣៤ឆ្នាំ បានទាត់ និងវាយដោយដៃ ទៅលើប្រពន្ធ ឈ្មោះ ឡាយ សុខា អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះប្រហែល២ខែ បណ្តាលឲ្យរងរបួសត្រូវមុខ និងខ្លួន រួចមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ទើបបានដឹងថារលូតកូន ហើយបានហៅពេទ្យមកព្យាបាលនៅនឹងផ្ទះ រហូតដល់ថ្ងៃទី២០ ខែធ្នូ.២០១៧ វេលាម៉ោងប្រហែល៩យប់ ទើបប្តីនិងអ្នកជិតខាងដឹងប្រពន្ធស្រ្តីរងគ្រោះស្លាប់ ។
លោកអធិការប្រាប់ឲ្យដឹងទៀតថា ក្រោយស្រ្តីរងគ្រោះស្លាប់នោះភ្លាមប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ដល់សមត្ថកិច្ច។លោកក៏ដឹកនាំកម្លាំង ចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបានឃាត់ខ្លួនជនសង្ស័យជាប្តី មកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ចាត់ការតាមច្បាប់៕ សំ វិច្ឆិកា