ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី១១ ចំនួន១.៥៣២នាក់ ទទួល “ការអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន”

ចែករំលែក៖

ភ្នំពេញ៖ រសៀល​ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំកម្មវិធីសិក្សាបន្ថែម “ការអប់រំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” ជូនដល់សិស្សថ្នាក់ទី១១ ទាំង ១៨សាខា ចំ​នួន ១.៥៣២នាក់ ដែលធ្វើបទបង្ហាញដោយឧត្តមសេនីយ៍ឯកនាក់ យុទ្ធា​ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រោម​អ​ធិប​តី​ភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានអោយដឹងថា៖​ បច្ចុប្បន្ននេះ សាលា ប៊ែលធី​ អន្តរជាតិ មាន២១ សាខា​​ ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ជាង៣៥.០០០នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ​ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា​ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទបង្ហាញ ៩ចំណុចសំខាន់ៗ ដូចជា៖ ១- អ្វីជាគ្រឿងញៀន? ២- ការចែកប្រភេទ នៃ​គ្រឿងញៀន តាមខ្លឹមសារច្បាប់ ៣- ការចែកប្រភេទ នៃ​គ្រឿងញៀន តាមឥទ្ធិពល ៤- ប្រវត្តិនៃការផលិត​គ្រឿងញៀន ៥- តំបន់ផលិតគ្រឿងញៀន ៦- ការដឹកជញ្ជូន និងចរាចរគ្រឿងញៀន ៧- ផលប៉ះពាល់ នៃគ្រឿងញៀន ៨-ការព្យាបាលបឋម និង៩- ការទៅរកសេវាបន្សាបគ្រឿងញៀន ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ប៊ែល​ធី​ អន្តរ​ជាតិ ដែលបានរៀបចំកម្មវិធីនេះឡើង និងឧត្តមសេនីយ៍ឯក នាក់ យុទ្ធា​ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកធ្វើជាគ្រូឧទ្ទេសនាពេលនេះ។ លោកជំទាវ សឿ សុជាតា បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបន្ថែមនេះ មិនត្រូវសេពគ្រឿងញៀន ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោកជំទាវក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ​រៀនសូត្រ ដើម្បីបង្កើន​ចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួន​ឯង និងសង្គមជាតិទៅអនាគត៕ ស រស្មី


ចែករំលែក៖