នាវាមុជទឹក HMAS AE1គឺជានាវាមុជទឹក ដែលបានបាត់ខ្លួនដំបូងគេបង្អស់នៅលើពិភពលោក របស់កម្លាំងទាហានជើងទឹកអូស្ត្រាលីនៅក្នុងសង្គ្រាមលោកលើកទី១ ហើយក្រោយរយៈពេល១០៣ឆ្នាំ បាត់ខ្លួនដោយអាថ៌កាំបាំង ទីបំផុតក៏បានរកឃើញ។
នាវាមុជទឹក HMAS AE1 បានបាត់ខ្លួន ដ៏អាថ៌កំបាំងបំផុត នៅឆ្នាំ ១៩១៤ ដោយនៅក្នុងនាវានោះ មាននាវឹក៣៥នាក់ ជាជនជាតិអង់គ្លេស និងជនជាតិអូស្ត្រាលីត្រូវបានរកឃើញនៅតំបន់សមុទ្រស្ថិតនៅកោះ Papua New Guinea ។
ជោគវាសនានៃនាវាមជទឹក HMAS AE1 ត្រូវបានចាត់ទុក ជាការបាត់ខ្លួនយូរបំផុត របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី ។ ចាប់តាំងពីឆ្នាំ១៩១៤ មានការរុករក១៣លើកផ្សេងគ្នា ដោយរកមិនឃើញសញ្ញាណាមួយនោះឡើយ។ តាមការបញ្ជាក់របស់កម្លាំងទាហានជើងទឹកអូស្ត្រាលី បានបញ្ជាក់ថា បើទោះបីខិតខំស្វែងរកយូរប៉ុណ្ណោះនៅតែមិនអាចរកឃើញសញ្ញាណាមួយនោះឡើយ សូម្បីតែលេចប្រេងមកលើផ្ទៃសមុទ្រក៏គ្មានដែរ។
ជាភព្វសំណាង បំណែក(សាកសព)នាវាមុជទឹក HMAS AE1 ត្រូវបានរកឃើញក្រោយ១សប្តាហ៍ ចាប់តាំងពីរដ្ឋាភិបាលអូស្ត្រាលី និងអង្គការក្រៅរដ្ឋាភិបាលបានផ្តល់ជំនួយបន្ថែមនៅក្នុងការស្វែងរកយន្តហោះ ដឹកអ្នកដំណើរម៉ាឡេស៊ី បាត់ខ្លួនកាលពីឆ្នាំ២០១៤ គឺយន្តហោះ MH370 ។ ប៉ុន្តែការស្វែងរកយន្តហោះបែរជាមិនឃើញ បែរជាឃើញនាវាមុជទឹក HMAS AE1ទៅវិញ។
នាវាមជទឹក HMAS AE1មានចំណុះ៨០០តោន ត្រូវបានរកឃើញនៅក្នុងជម្រៅ៣០០ម៉ែត្រ ក្រោមបាតសមុទ្រ ជិតកោះ Duke York ស្ថិតនៅប្រជុំកោះ Papua new Guinea។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកស្រី Marise Payne នៅថ្ងៃទី២១ ខែធ្នូ បានបញ្ជាក់ថា ពិតជាបានរកឃើញនាវាមុជទឹកបាត់ខ្លួនជាង១០០ឆ្នាំ ពិតប្រាកដមែន។ រដ្ឋមន្ត្រីការពារជាតិ អូស្ត្រាលីបញ្ជាក់ទៀតថា ការរកឃើញនេះគឺជារឿងមួយដ៏ល្អប្រសើរបំផុត អាចជួយឲ្យកូនចៅជាច្រើនជំនន់មានភាពស្ងប់ចិត្ត ក្រោយរកឃើញសាច់ញាតិបាត់ខ្លួនតាំងពីជាង១០០ឆ្នាំមុន។
លោកស្រីរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ក៏បានបញ្ជាក់ផងដែរថា នឹងពិភាក្សាជាមួយរដ្ឋាភិបាល Papua new Guinea ក្នុងការកសាងស្តូប គោរព ទាហានដែលបានស្លាប់នៅទីនោះ។ នៅពេលនេះដែរ កម្លាំងទាហានអូស្ត្រាលីបានគោរពវិញ្ញាណក្ខន្ធ នាវឹកទាំង៣៥នាក់ជាជនជាតិអូស្ត្រាលី និងជនជាតិអង់គ្លេសបានពលីជីវិត៕ ម៉ែវ សាធី