ភ្នំពេញ៖ ដោយមានការសង្ស័យទៅលើអ្នកដើរប្រមូលលុយភាស៊ីតាមផ្សារឯកជន និងផ្សាររដ្ឋគ្មានសណ្តាប់ធ្នាប់ ហើយក៏មិនដឹងអ្នកទាំងនោះជារបស់ក្រុមហ៊ុនភាស៊ីឬអ្នកម៉ៅការបន្តពីក្រុមហ៊ុននោះ លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានកោះហៅប្រធានគណៈកម្មការផ្សារទាំងរដ្ឋ និងឯកជនមកចូលរួមប្រជុំណែនាំ និងដាក់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបញ្ហានេះ។ ក្នុងនោះបញ្ហាទូរលេខចំនួនតូប អាជីវករលក់ដូរ ការរំលោភលើផ្លូវសាធារណៈ ការសំអាតអនាម័យក្នុងផ្សារ និងបញ្ហាផ្សេងៗ រួមនឹងល្បែងស៊ីសងខុសច្បាប់ក្នុងផ្សារផងដែរដែលជាបញ្ហាត្រូវតែដោះស្រាយ។
ការកោះហៅប្រជុំបែបនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខណ្ឌកាលពីព្រឹកថ្ងៃព្រហស្បត៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីម្ចាស់ផ្សារឯកជន និងប្រធានគណៈកម្មការផ្សារដែលគ្រប់គ្រងដោយរដ្ឋ។
លោកអភិបាលខណ្ឌមានជ័យបានណែនាំដល់ម្ចាស់ផ្សារឯកជនក៏ដូចជាប្រធានផ្សាររដ្ឋត្រូវអនុវត្តឲ្យបានភ្ជាប់ភ្ជួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានហាមមិនឲ្យការតម្លើងថ្លៃតូប ថ្លៃទឹកភ្លើង និងការប្រមូលភាស៊ីលើសសៀវភៅបន្ទុករបស់រដ្ឋ។ ក្នុងករណីម្ចាសផ្សារចង់ធ្វើអ្វីមួយណានោះត្រូវជូនសេចក្តីជូនដំណឹងដល់អាជីវករយ៉ាងយូរ៣ខែ និងសេចក្តីជូនដំណឹងនោះក៏ត្រូវរាយការណ៍មកដល់អាជ្ញាធរខណ្ឌផងដែរ។ ការធ្វើបែបនេះលោកអភិបាលខណ្ឌមានជ័យក៏ជម្រាបថាកុំយល់ច្រឡំថាខណ្ឌចង់បានផលប្រយោជន៍ណាមួយពីខាងផ្សារនោះទេ គឺចៀសវាងកើតបញ្ហាឡើងជាហានីភ័យជាមួយអាជីវករដោយយថាហេតុ។
លោកអភិបាលខណ្ឌមានជ័យក៏បានប្រាប់ដល់ប្រធានផ្សាររដ្ឋ និងឯកជនត្រូវជួយចាត់វិធានការការដើរប្រមូលលុយភាស៊ី និងអនាម័យគ្មានឯកសណ្ឋានច្បាស់លាស់ និងខុសពេលវេលា ព្រោះថាករណីនេះធ្លាប់មានជនខិលខូចដើរធ្វើបែបនេះ។ ចំពោះបញ្ហាបង់ពន្ធថ្លៃតូបនោះលោកអភិបាលខណ្ឌក៏បានជម្រាបថារាជរដ្ឋាភិបាល ក៏បានលុបចោលហើយដែរ ជាមួយនឹងការដើរយកលុយពីអាជីវករលក់ដូរបន្លែ សាច់ ជាកញ្ច្រែងៗជាដើម។
លោកអភិបាលក៏បានណែនាំឲ្យប្រធានគណៈកម្មការផ្សារដឹកនាំសម្អាតអនាម័យបោសលាងនៅពេលយប់ ឬក្រោយពេលអាជីវករឈប់លក់ដូរ និងណែនាំដល់អាជីវករឲ្យចេះសម្អាតកន្លែងគាត់លក់ កុំឲ្យមានភក់ជ្រាំ។ លោកអភិបាលក៏ណែនាំបន្ថែមលើបញ្ហាការពង្រីកចំនួនតូប និងមិនអនុញ្ញាតឲ្យមានការស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងផ្សារ និងការរៀបចំបណ្តាញខ្សែប្រព័ន្ធអគ្គីសនីគ្មានសណ្តាប់ធ្នាប់អាចនឹងបង្កជាអគ្គីភ័យជាយថាហេតុ៕ តាឡឹម