ភ្នំពេញ៖ អភិបាលសាលារាជធានីភ្នំពេញ បានជំរុញឲ្យមន្រ្តីរដ្ឋបាលខណ្ឌទាំង១២ និងចៅសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ ត្រូវតែចូលរួមសហការជាមួយមន្រ្តីពន្ធដា ដើម្បីរកដំណោះស្រាយ និងរកវិធីសាស្រ្តងាយស្រួលក្នុងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋធ្វើការ បង់ពន្ធឲ្យបានទាន់ពេលវេលា ដើម្បី ប្រមូល ឲ្យបានគ្រប់ផែនការដែលអគ្គនាយកដ្ឋានពន្ធដាបានកំណត់ក្នុងផែនការប្រចាំឆ្នាំ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដារ នៅខណ្ឌចំនួន៥ គឺខណ្ឌ ឫស្សីកែវ ,ដូនពេញ ,មានជ័យ,ចំការមន និង ខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃព្រហស្បត៏ ៤កើត ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានថ្លែងថា៖ មន្រ្តីរដ្ឋបាលខណ្ឌ ទាំង១២ រួមនិងចៅសង្គាត់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវរួមសហការគ្នាជាមួយសាខាពន្ធដារខណ្ឌ ដើម្បីពិគ្រោះយោបល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឲ្យកិច្ចការក្នុងផ្សព្វផ្សាយនិងការប្រមូលពន្ធ មានការរលូន ដោយឲ្យប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។
លោកបានបញ្ជាក់ទៀតថា៖ គ្មាននរណាម្នាក់សប្បាយចិត្ត នៅពេលយកប្រាក់ទៅបង់ពន្ធជូនរដ្ឋនោះទេ ប៉ុន្តែការបង់ពន្ធវាជាកាត្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដូច្នេះទាមទារឲ្យអាជ្ញាធរ ត្រូវចេះសម្របសម្រួល។
លោកអភិបាលរាជធានី ក៏បានណែនាំដល់ប្រធានសាខាពន្ធដារខណ្ឌទាំង៥ ដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់បញ្ចេញចំណេះដឹង សមត្ថភាព លទ្ធភាព និងទេពកោសល្យរបស់ខ្លួន លើការងារដឹកនាំអង្គភាព ដើម្បីធានាបានថាការងាររបស់ខ្លួនប្រព្រឹត្តទៅដោយរលូន គ្មានកំហុសឆ្គង និងឆ្លើយតបទៅ និងតម្រូវការថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ និងត្រូវពង្រឹងការគ្រប់គ្រងចំនូលប្រមូលពន្ធ ជាពិសេសពន្ធដែរជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ឲ្យបានទាន់ពេលវេលា។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងថា “១១ខែឆ្នាំ២០១៧នេះ ចំណូលពន្ធនៅរាជធានីភ្នំពេញ ប្រមូលបានជាង២៨០លានដុល្លាអាមេរិក ស្មើនឹង៩២,៥៦% នៃផែនការពន្ធទាំង៩ខណ្ឌនៅរាជធានីភ្នំពេញ គឺមានការកើនឡើងជាង៣៥លានដុល្លាអាមេរិក បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦”។
លោកបញ្ជាក់ថា៖ បច្ចុប្បន្នកំពុងរៀបចំផែនការ ដើម្បីដកថវិកាពីការប្រមូលពន្ធ នៅរាជធានីភ្នំពេញប្រមាន១៧១លានដុល្លាក្នុងឆ្នាំដើម្បីឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ ក៏អភិវឌ្ឍន៍ ក្នុងដែនសមត្ថកិច្ចរបស់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ ការតែងតាំងប្រធានសាខាពន្ធដាថ្មីចំនួន៥ខណ្ឌគឺ ទី១ លោក ប៉េង ឆុង បច្ចុប្បន្នជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ទៅជាប្រធានសាខាពន្ធដារខណ្ឌចំការមន ជំនួសលោកទី សុខុន ដែរទៅទទួលមុខតំណែងថ្មី, ទី២ លោក ជា ម៉េងហួត បច្ចុប្បន្នជាអនុប្រធានសាខាពន្ធដារខណ្ឌមានជ័យ ទៅជាប្រធានសាខាពន្ធដារខណ្ឌដូនពេញ ជំនួសលោក ឆាយ គឹមហេង ដែលទទួលមុខតំណែងថ្មី ទី៣ លោក នួន ភារី បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានព័ត៌មានវិជ្ជា ទៅជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក ប៉េង ឆុង ទី៤ លោក ឆាយ សុវណ្ណា បច្ចុប្បន្នជាប្រធានសាខាខណ្ឌពោធិសែនជ័យ ទៅជាប្រធានសាខាខណ្ឌឬស្សីកែវ ជំនួសលោក ស៊ី សុចាន់ដារ ដែលទទួលភារៈកិច្ចថ្មី ទី៥ លោក សែម សាខន បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានច្បាប់វិវាទ និងសិ្ថតិ ទៅជាប្រធានសាខាពន្ធដារ ពោធិសែនជ័យ ជំនួសលោក ឆាយ សុវណ្ណា៕ សំរិត