ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត ហើយអារម្មណ៍មិននឹងនរ ក៏ធ្វើសកម្មភាពកាន់កាំបិតបុ័ងតោ ដើរកាប់គេឯង បណ្ដាលឲ្យរបួស២នាក់ កាលពីវេលាម៉ោង ១២ និង៥០ នាទី ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ២នាក់៖ទី១ ឈ្មោះ ស៊ន ជា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០២ឈ្មោះ ជា សម្បត្តិវឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដោយឡែកវត្ថុតាង៖ ១.កាំបិតបុ័ងតោដងដែកមួយ ។
សមត្ថកិច្ចបានប្រាប់ដំណើរឿងហេតុឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ និង ៥០នាទី ជនរងគ្រោះឈ្មោះ ស៊ន ជា កំពុងឈរលេងនៅខាងមុខបន្ទប់ផ្ទះជួលស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនៅក្បែរនឹងផ្ទះជនសង្ស័យដែរ ។ ពេលនោះស្រាប់តែជនសង្ស័យ កាន់កាំបិតបុ័ងតោជាប់នៅនឹងដៃហើយដើរសំដៅចូលមកកាប់ជនរងគ្រោះ ឈ្មោះ ស៊ន ជា បណ្តាលឲ្យត្រូវ មួយកាំបិតរងរបួសចំកែងដៃខាងឆ្វេង ទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ដេរចំនួន០៣ថ្នេរ ។
ជនសង្ស័យខាងលើ បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ជា សម្បត្តិវឌ្ឍនៈ ដែលកំពុងជិះម៉ូតូម្នាក់ឯង តាមផ្លូវលំពីជើងទៅត្បូង ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានស្ទុះទៅកាប់ជនរងគ្រោះឈ្មោះ ជា សម្បត្តិវឌ្ឍនៈ ម្នាក់ទៀតត្រូវចំកែងដៃខាងឆ្វេង តែមិនបណ្តាលឲ្យដាច់សាច់ទេគ្រាន់តែហើម ជាំ(ភ្លាត់ឆ្អឹងដៃ) ហើយជនសង្ស័យព្យាយាម កាប់ជនរងគ្រោះថែមទៀត តែត្រូវជនរងគ្រោះរត់គេចខ្លួនរួច ។
បន្ទាប់មកកម្លាំង សមត្ថកិច្ចដែល កំពុងជិះម៉ូតូល្បាត ក្នុងមូលដ្ឋានស្រាប់ ក៏បានជួយ ធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនិង វត្ថុតាង កាំបិតបុ័ងតោ មួយយកមកធ្វើការសាកសួរ រីឯជនរងគ្រោះទាំង ០២នាក់ ខាងលើ ក៏បានមកដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថ កិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយ សារភាព ឲ្យសមត្ថកិច្ច ដឹងថា មូលហេតុដែលគេ(ជនសង្ស័យ)ខាងលើបានប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះទាំង០២នាក់ខាងលើនោះ បណ្តាលមកពីជនសង្ស័យជាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយមាន អារម្មណ៏មិននឹងនរ ទើបធ្វើសកម្មភាពប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ