ភ្នំពេញ៖ បុរសម្នាក់ ដែលជាមន្ត្រីយោធា បានបើករថយន្ដត្រឡប់មកពីការកូនមេវិញ ទាំងធ្វើដំណើរក្នុងល្បឿនលឿន ហើយដល់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យកៀបជាប់កាបិនរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសវ័យចំណាស់ដែលស្លាប់មានឈ្មោះ ហេង ដារ៉ា អាយុ៤៧ ឆ្នាំមានមុខរបបជាមន្ត្រីយោធា ទីលំនៅក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
តាមសម្ដីពីសាច់ញាតិបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះចេញមកពីពិធីមង្គលការរបស់កូនមេវិញ ហើយធ្វើដំណើរតែម្នាងឯងទាំងយប់ ដោយបើករថយន្ដមួយគ្រឿងម៉ាក 4RUNNER ដែលពាក់ស្លាកលេខភ្នំពេញ 2C-8090 ទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១៧ គោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែមកដល់ចំណុចកើតហេតុ មិនបានប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យក្រឡាប់កៀបជាប់នៅក្នុងរថយន្ដស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ រហូតមកដល់ម៉ោងកើតហេតុខាងលើទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានតែម្ដង។
លុះដល់ព្រឹកឡើងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុ និងទាក់ទងរថយន្ដស្ទូច ដើម្បីស្ទូចរថយន្ដឡើងលើគោក និងយកសាកសពបុរសរងគ្រោះចេញពីរថយន្ដប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ដរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីប្រគល់ឲ្យក្រុមគ្រួសារនៅពេលក្រោយ ៕ ភារ៉ា ដង្កោ