ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀនមួយចំនួនត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនទី១ឈ្មោះ ឯក វិចិត្រ អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុក កំណើតនៅក្នុងស្រុកពាមជរ៍ ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ជា ចំរើន អាយុ២៤ឆ្នាំ គ្មានមុខរបរផ្សេងក្រៅពីការជួញដូរគ្រឿង ញៀននោះឡើយ មានស្រុកកំណើតនៅក្នុង ខេត្តកំពង់ស្ពឺ ហើយសព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាមួយគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់នេះ បានចេញធ្វើសកម្មភាពជួញដូរគ្រឿង ញៀននៅចំណុចខាងលើ ហើយត្រូវបានប្រជាពលរដ្ឋដឹងក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅធ្វើការបង្ក្រាប និងចាប់ខ្លួនបាន ទាំងពីរនាក់តែម្ដង។ខណៈនោះកម្លាំងបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនចំនួន២កញ្ចប់នៅជាប់ខ្លួនពួកគេ បន្ទាប់មកបាននាំ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង ត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់និងបន្ត ស្វែងរកមុខសញ្ញាពាក់ព័ន្ធមួយទៀតផងដែរ។
នគរបាលបានឲ្យដឹងថា កម្លាំងនគរបាលទាំងអន្តរាគមន៏ ព្រហ្មទណ្ឌ និងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យ តែងតែបាន ចុះសហការណ៏ជាមួយកម្លាំងនគរបាល តាមបណ្ដាប៉ុស្ដិ៍នានានៅទូទាំងខណ្ឌធ្វើការស្រាវជ្រាវរកមុខសញ្ញាបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀននេះតែម្ដង ដើម្បីបង្ក្រាបនិងចាប់ខ្លួនចាត់ការតាមច្បាប់។ ដោយឡែកករណីខាងលើនេះខណៈពេល កម្លាំងអន្តរាគមន៏ខណ្ឌចុះស្រាវជ្រាវ ត្រូវបានប្រជាពលរដ្ឋលួចខ្សឹបប្រាប់ទើបឈានដល់ការចាប់ខ្លួនបាន២នាក់រួមជាមួយ ថ្នាំញៀន២កញ្ចប់ ហើយទន្ទឹមនិងនេះក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាចូលរួមចំណែកក្នុងការអនុវត្តន៍នូវគោល នយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំងអស់គ្នា ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងអស់កុំឲ្យកើតមាននៅក្នុងមូលដ្ឋានខណ្ឌ ពោធិ៍សែនជ័យ៕ សុខាសែនជ័យ