ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនចូលរួមជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងប្រធាន អនុប្រធានសាខាពន្ធដារខេត្តប៉ៃលិនថ្មី

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តបានធ្វើពិធីប្រកាសលោកផាវ ឌីណូរិន ជាប្រធានសាខាពន្ធដារខេត្តប៉ៃលិនថ្មី ជំនួសលោកអ៊ុក សារិន ដែលត្រូវចូលនិវត្តន៍ និងប្រកាសផ្ទេរភារកិច្ចមន្ត្រីសាខាពន្ធដារខេត្តចំនួន១១រូបផ្សេងទៀត ក្រោមអធិបតីភាពលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តលោកអៀង វុធ អភិបាលរងខេត្ត និងលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកកែន សម្បត្តិអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអ៊ុក សារិន អតីតប្រធានសាខាពន្ធដារខេត្ត ដែលកន្លងមកបានដឹកនាំមន្ត្រីបានល្អ ខិតខំបំពេញការងារប្រមូលពន្ធអាករ ជូនរដ្ឋទទួលបានលទ្ធផលលើសផែនការជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់មន្ត្រីសាខាពន្ធដារខេត្ត ដែលបានតែងតាំងថ្មីនាពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រមូលពន្ធអាករជូនរដ្ឋឲ្យបានតាមផែនការកំណត់ ជាពិសេសត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈប្រកាន់ភ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ បំពេញការងារ បំរើឧត្តមប្រយោជន៍នៃការពង្រឹងស្ថាប័ន និងយន្តការការងារដោយយោងលើស្មារតីគោរពតាមឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំទាំងផ្នែកទស្សនៈគោលជំហរ និង សកម្មភាពអនុវត្តការងារមិនបង្កើតបញ្ហាបង្កា និងទប់ស្កាត់បញ្ហាមិនឲ្យកើតមាន និងដោះស្រាយបញ្ហាតិចតួចត្រូវទទួលស្គាល់ និងកែកំហុសរបស់ខ្លួនដោយអនុលោមតាមអភិក្រមការងារ៤យ៉ាង របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល។

លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយ សម្រាប់នីតិកាលទី៥នៃរដ្ឋសភាបានយកចិត្តទុកដាក់ការកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់នៅក្នុងយុទ្ធសាស្ត្រចតុកោណតំណាក់កលទី៣របស់ខ្លួនស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតម្លើងប្រាក់បៀវត្សរ៍ និងអត្តប្រយោជន៍នានាជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដែលជាបុព្វហេតុនាំទៅការកើនឡើងខ្ទង់ចំណាយថវិកា ហើយដែលតម្រូវការចាំបានូវការប្រមូលចំណូលទាំងចំណូលសាពើពន្ធ និងចំណូលមិនមែនសារពើពន្ធដើម្បីផ្តល់ និងផ្គត់ផ្គង់ឲ្យបានសមស្រប។

ដូច្នេះអង្គភាពពន្ធដារគឺត្រូវចាត់ទុកថា ជាអង្គភាពស្នូល និងចំបងមួយដែលមានតួនាទីដ៏មានសារៈសំខាន់បំផុតក្នុងការងារប្រមូលពន្ធជូនរដ្ឋ។សូមបញ្ជាក់ថា៖លោកផាវឌីណូរិនត្រូវបានប្រកាសជាប្រធានសាខាពន្ធដារខេត្តប៉ៃលិនថ្មីជំនួសលោកអ៊ុកសារិនដែលត្រូវចូលនិវត្តន៍ លោក វឿន អ៊ូ ជាអនុប្រធានសាខាពន្ធដារខេត្ត លោក កើត សំរេច ជាអនុប្រធានសាខាពន្ធដារខេត្ត លោក ស្រេង តុងឡាយ ជាប្រធានការិយាល័យសេវាអ្នកជាប់ពន្ធលោកសុខ សារ៉ាន ជាប្រធានការិយាល័យសេវាកម្មពន្ធលោកគុំ, ធីរ៉ា ជាប្រធានការិយាល័យប្រមូលពន្ធ លោកស្រី ហេង សុធារី ជាប្រធានការិយាល័យចាត់ចែងលិខិតប្រកាស លោក សុខ សាម ជាប្រធានការិយាល័យពន្ធដារស្រុកសាលាក្រៅ កញ្ញា សេង ស៊ីថុន ជាអនុប្រធានការិយាល័រដ្ឋបាល លោក ពុំ ហ៊ាង ជាអនុប្រធានការិយាល័យចាត់ចែងលិខិតប្រកាស លោក ជា វិចិត្រ ជាអនុប្រធានការិយាល័យបំណុល និង លោក សួន សេង ជាមន្ត្រីការិយាល័យសេវាអ្នកជាប់ពន្ធនៃសាខាពន្ធដារខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖