ខេត្តមណ្ឌលគិរី៖ ដំរីញីមួយក្បាលបានធ្លាក់ខ្លួនឈឺងើបមិនរួចដេកដួលនៅមួយកន្លែងមិនអាចទ្រាំទ្រនឹងអាកាសធាតុចុះត្រជាក់អស់ជាច្រើនថ្ងៃនោពេលនេះបានងាប់ហើយវេលារសៀលថ្ងៃថ្ងៃសុក្រ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៧នេះ
ប្រធានអង្គការសត្វដំរីខេត្តមណ្ឌលគិរី លោកឃុន ឌីយ៉ូន បានឲ្យដឹងថា ដំរីឈ្មោះមីឡុតរស់នៅស្រុកអូររាំងបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារអាយុកាលនិងអាកាសធាតុត្រជាក់ខ្លាំង។
លោកថាក្រោយពីទទួលបានព័ត៌មានភ្លាមបុគ្គលិកអង្គការELIEចំនួន៧នាក់ រួមសម្ភារ:សង្គ្រោះមានឱសថ សេរ៉ូម អេស្កាវាទ័រ (ជួយលើក)និងសម្ភារៈមួយចំនួនទៀត…ទៅដល់ទីកន្លែងកើតហេតុ ។
ក្រុមអ្នកជំនាញចាប់ផ្តើមត្រួតពិនិត្យ-ធ្វើចលនា ផ្តល់ថ្នាំផ្ដល់សេរ៉ូមនិងផ្តល់កំដៅ…ក្រោយពីការជួយសង្រ្គោះប្រមាណ៥ម៉ោងឃើញថាដំរីមិនមានផលវិជ្ជមានច្រើនឡើយពោលគឺពិបាកជួយសង្គ្រោះ។
ម្ចាស់ដំរីខាងលើបានឲ្យដឹងថាដំរីរបស់គាត់បានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយតែនៅព្រឹកថ្ងៃទី២១ សុខភាពរបស់វាហាក់កាន់តែទ្រុតទ្រោមជាខ្លាំងរហូតមិនអាចងើបដើររកស៊ីចំនីដូចរាល់ដងបាន។
ដំរីនេះមានអាយុ៨៥ឆ្នាំ ដែលជាវ័យចាស់ណាស់ទៅហើយ។
នៅទូទាំងខេត្តមណ្ឌលគិរី ស្រុកអូររាំងគឺជាតំបន់ត្រជាក់ជាងគេក្នុងខេត្តទើបកាន់តែធ្វើឲ្យសុខភាពដំរីវ័យចាស់នេះពិបាកក្នុងការព្យាបាលពីអ្នកជំនាញ។
គេសង្កេតឃើញថាក្រៅពីបុគ្គលិកអង្គការELIEក៏មានអាជ្ញាធរស្រុកអូររាំង ប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ផងដែរ។
គួររំឮកដែរថាក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹម ប៊ិនដែលកំពុងស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីននោះហើយនឹងជះឥទ្ធិពលដល់កម្ពុជានៅចុងខែធ្នូនេះ។
បើតាមក្រសួងធនធានទឹកលក្ខណៈបែបនេះរបស់ព្យុះទី២៧នឹងធ្វើឲ្យស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៧ខាងមុខមានពពកច្រើនដេរដាសមានភ្លៀងធ្លាក់រាយប៉ាយគ្របដន់ដប់ទូទាំងប្រទេសពីមធ្យមទៅច្រើនពិសេសបណ្ដាខេត្តដែលស្ថិតនៅជាប់តាមបណ្ដាយព្រំដែនកម្ពុជា-វៀតណាម។
ដោយឡែកនៅតំបន់មាត់សមុទ្រនិងនៅលើផ្ទៃសមុទ្រផ្ទៃមេឃមានពពកច្រើនដេរដាសមានភ្លៀងធ្លាក់ពីបង្គូរទៅច្រើនមានខ្យល់បក់បោកខ្លាំងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ហើយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋពិសេសប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការយកចិត្តទុកដាក់ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕ សហការី