មជ្ឈមណ្ឌុលហ្វឹកហាត់កាយសម្ពន្ធនៅទីក្រុង Jecheon កូរ៉េខាងត្បូង បានឆាបឆេះយ៉ាងខ្លាំងសម្លាប់មនុស្សរហូតដល់២៩នាក់ និង២៤នាក់ផ្សេងទៀតរងរបួស។
គេហទំព័រYonhapnews បានផ្សាយថា មានមនុស្ស២៩នាក់ស្លាប់ និង២៤នាក់រងរបួសនៅក្នុងគ្រោះអគ្គិភ័យ ដែលបានកើតឡើងកាលពីថ្ងៃទី២២ ខែធ្នូ ស្ថិតនៅក្នុងអគារមជ្ឈមណ្ឌុលកាយសម្ពន្ធមានកម្ពស់៨ជាន់ ក្នុងទីក្រុងJecheon ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អគ្គិភ័យឆាបឆេះចេញពីជាន់ក្រោមដីសម្រាប់ទុករថយន្តនៃអគារខាងលើ។
ភាគច្រើនអ្នកស្លាប់គឺជាប់គាំងនៅក្នុងបន្ទុក ស្ទីប ស៊ូណា ជាន់ទីពី។ ក្នុងចំណោមជនរងគ្រោះ មានស្ត្រីវ័យ៥០ឆ្នាំម្នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាមានត្រកូលគីម។
ចំពោះគ្រោះអគ្គិភ័យខាងលើ ក្រុមពន្លត់អគ្គិភ័យបានបញ្ជូនរថយន្ត៤៩គ្រឿង ឧទ្ទម្ភាគចក្រ២គ្រឿង និងកម្លាំងជួយសង្គ្រោះជាង៦០នាក់ ទៅកាន់កន្លែងកើតហេតុជួយដល់ជនរងគ្រោះ ។ មនុស្ស២០នាក់ត្រូវបានជួយសង្គ្រោះពីលើដំបូលអគារ ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានបង្ហាញការសោកស្តាយ និងតក់ស្លុតយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ។
គ្រោះអគ្គិភ័យបានបង្អាក់ ការប្រារព្ធពិធីអបអរ មុនកីឡាអូឡាំពិក រដូវរងារ ត្រូវផ្អាក់ ។ យោងតាមប្រភពព័ត៌មាន អ្នករៀបចំកម្មវិធី បានស្នើឲ្យផ្អាកការដង្ហែគុបភ្លើងកីឡាអូឡាំពិករដូវរងារឆ្នំា២០១៨ ស្របពេលដែលប្រធានាធិបតី មូន ជេអ៊ីន បានធ្វើដំណើរមកដល់ ដើម្បីជួយសម្រាលទុក្ខ ដល់អ្នកកាន់ទុក្ខ ចំណែកអភិបាលក្រុង Jecheon បានប្រាប់អ្នកកាសែតថា ទីក្រុងកំពុងគិតរៀបចំពិធីបុណ្យសពដ៏ធំមួយ និងគ្រោងចេញថ្លៃចំណាយស្ទើរតែទាំងអស់។
គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទើ ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ទីក្រុង Jecheon គឺមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល ហើយជាទីក្រុងដ៏មានប្រជាប្រិយភាពបំផុត ចំពោះភ្ញៀវទេសចរ ដោយសារទេសភាពភ្នំ និងបឹងនៃទីក្រុងនេះ៕ ម៉ែវ សាធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច