ភ្នំពេញ ៖ កម្មករប្រមូលសំរាម២នាក់ កំពុងតែឱនងើបៗប្រមូលសំរាម ក៏ត្រូវបានបុរសម្នាក់បើករ៉ឺម៉កម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង ក៏ជ្រុលចង្កូតមកបុកទំាងកម្រោល បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងម្ចាស់រ៉ឺម៉កម៉ូតូរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងរថយន្តស៊ីនទ្រីមួយគ្រឿង ពណ៌លឿង គ្មានស្លាកលេខ បានបើកបរប្រមូលសំរាម តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ឈប់រថយន្តដើម្បីប្រមូលសំរាម ខណៈកម្មករចំនួន២នាក់កំពុងតែប្រមូលសំរាម ស្រាប់តែបុរសម្នាក់បើករ៉ឺម៉កម៉ូតូ គ្មានស្លាកលេខ មកពីក្រោយក្នុងល្បឿនយ៉ាងលឿន និងមានស្ថានភាពស្រវឹងស្រាជោកជាំផងនោះ ក៏ជ្រុលមកបុកយុវជន២នាក់កំពុងប្រមូលសំរាមទាំងកម្រោល បណ្ដាលឲ្យផ្លោងបោកជាមួយរថយន្តស៊ីនទ្រី រងរបួសធ្ងន់ទាំង២នាក់ ចំណែកម្ចាស់រ៉ឺម៉កម៉ូតូរបួសបែកក្បាលហូរឈាម រងរបួសស្រាល រួមទាំងធ្វើឲ្យរ៉ឺម៉កម៉ូតូក្រឡាប់កៀបជាប់នឹងរថយន្តស៊ីនទ្រីផ្ងារជើងយ៉ាងច្រង៉ាងផងដែរ ។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមរថយន្តសង្គ្រោះបន្ទាន់ បានចុះមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាល ។ ចំណែករថយន្តស៊ីនទ្រី និងរ៉ឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញចរាចរណ៍ ចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕ ភារ៉ា ដង្កោ