ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​ម៉ាស្សាមានធ្វើ​ច្រក​សម្ងាត់​សម្រាប់​ចូល​លួច​លុយ ពេល​ភ្ញៀវ​ដោះ​សម្លៀក​បំពាក់​ទុក

ចែករំលែក៖

ភ្នំពេញ ៖ ​បុរស​ម្នាក់​ចូល​ទៅ​នៅ​ក្នុងផ្ទះ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យីហោ «​ម៉ាស្សា​កោស​ជប់​តម្លៃ​៣​ដុល្លារ​» ស្រាប់តែបាត់​លុយ​អស់​ចំនួន​៤៥០​ដុល្លារ ហើយ​បាន​មក​វិញ​លុយ​ដុល្លារ​សែនខ្មោច​ចំនួន​២៥០​ដុល្លារ ទើបរត់ទៅប្តឹងសមត្ថកិច្ចកាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

តាមសាក្សីនៅកន្លែងកើតបានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​បាន​ចូល​ទៅ​កោស​ជប់​នៅ​ក្នុង​ហាង​នោះ​ដោយពេល​ទៅ​ដល់​បាន​ដោះ​សម្លៀក​បំពាក់​ទុក​នៅ​ក្នុង​ហាង​ ដោយ​មិន​បានដឹង​ថា ក្នុង​ហាង​នោះ​គេ​បាន​ធ្វើ​ច្រក​សម្ងាត់​មួយ សម្រាប់​ចូល​ទៅ​លួច​លុយ​របស់​ខ្លួន​ឡើយ ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ហោប៉ៅ​ខោ​គាត់​មាន​លុយ​ចំនួន​៤៥០​ដុល្លារ លុះ​ក្រោយ​ពេល​កោស​ជប់​រួច​មើល​លុយ​ស្រាប់តែ​បាត់​អស់ ហើយ​ស្រាប់តែ​ឃើញ​មាន​លុយ​ដុល្លារ​សម្រាប់​សែនខ្មោច​ចំនួន​២៥០​ដុល្លារ​ទៅ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​មានរឿង​បែប​នេះ​បុរស​នោះ​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​ឲ្យ​ជួយ​អន្តរា​គម​ន៏៍ ហើយ​ពេល​ទៅ​ដល់​មុន​ដំបូង​ស្ត្រី​ជើងល្អ​រួម​ជាមួយ​បក្ខពួក និង​ថៅកែ​ហាង​មិន​បាន​ទទួល​ដឹង​ឮ​ទេ ប៉ុន្តែ​ជន​រង​គ្រោះ​ប្រុង​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ទើប​ក្រោយមក​យល់ព្រម​ទទួលកំហុស ប៉ុន្តែ​យក​លុយ​ឲ្យ​ជន​រង​គ្រោះ​វិញ​បាន​ត្រឹមតែ​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ បាត់​អស់​១៥០​ដុល្លារ​ទៀត​មិន​ព្រម​ឲ្យ​ឡើយ ។ ពេល​នោះ​ដោយសារ​ខ្ជិល​មានរឿង​វែង​ឆ្ងាយ​តទៅ​ទៀត ទើប​ជន​រងគ្រោះ​ព្រមយក​៣០០​ដុល្លារនោះវិញ បញ្ចប់រឿង ​ហើយ​ចាកចេញ​ទៅ​ផ្ទះ​បាត់​ស្រមោល ចំណែក​នគរបាល​មិន​បាន​ចាប់ខ្លួន​ស្ត្រី​ដែល​ជា​ចោរ​នោះ នាំ​ទៅ​ចាត់ការ​តាម​ច្បាប់​ទេ ក៏​បាន​វិល​ត្រឡប់​មក​ប៉ុស្ដិ៍​វិញ​ដែរ ​មិន​បាន​ឃាត់ខ្លួន​ស្ត្រី​ជើងល្អ​នោះ​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា នៅ​ក្នុង​ទីតាំង​ម៉ាស្សា​មួយ​នេះ​ គេ​បាន​ធ្វើ​ច្រក​សម្ងាត់​មួយ​សម្រាប់​ចូល​ទៅ​លួច​លុយ​ ពេល​ភ្ញៀវ​ដោះ​សម្លៀក​បំពាក់​ទុក​ ហើយ​រវល់​តែ​ម៉ាស្សា​មិនដឹង​ខ្លួន​នោះ ចំណែក​ភ្ញៀវ​ដែល​ចូល​ទៅ​មិន​បានដឹង​ថា ក្នុង​នោះ​មាន​ច្រក​សម្ងាត់​ឡើយ លុះ​ក្រោយ​ពេល​ម៉ាស្សា​រួច​បាត់​លុយ​​ទើប​មានការ​ភ្ញាក់ផ្អើល ។ មិនតែប៉ុណ្ណោះ​ករណី​បែប​នេះ​មិនមែន​ទើបតែ​កើត​ឡើងជា​លើក​ទី​១ប៉ុណ្ណោះ​ទេ វា​បាន​កើតឡើង​ច្រំ​ដែល​ៗ​រាប់​ដង​មិន​អស់​មក​ហើយ ប៉ុន្តែ​ខាង​អាជ្ញាធរ​ និង​សមត្ថ​​កិច្ច​ហាក់​ធ្វើ​អ្វី​ក្រុម​នេះ​មិន​បាន​ទាល់តែសោះ ដោយសារ​តែ​បែប​នេះ​ហើយ​ ទើប​ពួក​គេទាំងនោះ​នៅ​​តែ​ប្រព្រឹត្ត​ទ​ង្វើ​ដដែល​មិន​ឈប់ ហើយ​មាន​អ្នក​រង​គ្រោះជា​បន្តបន្ទាប់​បែប​នេះ ៕ សុខាសែនជ័យ


ចែករំលែក៖