ការសម្រេចរបស់អង្គការ UNESCO ធ្វើឲ្យអុីស្រាអែលខឹងសម្បាយ៉ាងខ្លាំង ដោយសារតែបានធ្វើឲ្យបាត់បង់នូវការ ផ្សារភ្ជាប់របស់ក្រុមជនជាតិជ្វីហ្វ ជាមួយ នឹងតំបន់ហ្ស៊េរុយសាឡឹម និងទីក្រុង Hebron។
កាលពីថ្ងៃទី២២ ខែធ្នូ អុីស្រាអែលបាន ប្រកាសថា នឹងដកខ្លួនចេញពីអង្គការអបរំ វិទ្យាសាស្ត្រវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដោយមូលហេតុ អង្គការនេះតែងតែ«វាយប្រហារទៅលើអុីស្រាអែលជាប្រព័ន្ធ»។
អ្នកនាំពាក្យក្រសួងការបរទេសអុីស្រាអែល លោក Emmanuel Nahshon បានប្រកាសថា ការសម្រេចខាងលើរបស់អុីស្រាអែលដោយសារតែអង្គការ UNESCO កំពុងតែព្យាយាមបំបែកប្រវត្តិ សាស្ត្រជនជាតិជ្វីហ្វ ពីទឹកដីអុីស្រាអែល។ លិខិតស្នើសុំចាកចេញពីយូនីស្កូនឹងត្រូវ ផ្ញើនៅក្នុងឆ្នាំនេះ ការដកខ្លួនចេញជាផ្លូវ ការនៅចុងឆ្នាំ២០១៨។
កាលពីដើមឆ្នាំ២០១៧ អាមេរិកក៏បានប្រកាសដកខ្លួនចេញពីអង្គការយូនីស្កូដែរ ដោយមានមូលហេតុដូចគ្នានឹងអុីស្រាអែល។ កន្លងមកអុីស្រាអែលបានត្អូញត្អែរថា ប្រទេសរបស់លោកតែងតែរងការវាយប្រហារពីប្រទេសសមាជិករបស់យូនីស្កូ។
ទាំងអាមេរិក និងអុីស្រាអែលបានដក ខ្លួនចេញពីអង្គការអន្តរជាតិជាបន្តបន្ទាប់ ដោយសារតែរងការថ្កោលទោសយ៉ាង ខ្លាំង ពីសហគមន៍អន្តរជាតិទៅលើសកម្មភាពឈ្លានពានរបស់ប្រទេសទាំង២៕ ម៉ែវ សាធី