ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តកំពង់ធំបូញមាត់បត់ដុំដៃឲ្យមានបទល្មើសនេសាទ

ចែករំលែក៖

ម្ង៉ៃណោះនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំខេត្ត លោក សុខ លូ អភិបាលខេត្តកំពង់ធំប្រកាសឲ្យសមត្ថកិច្ចតាមជំនាញបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសនេសាទ។ ក្រោយការប្រកាសរបស់លោកអភិបាលខេត្តគេសង្កេតឃើញថា បទល្មើសនេសាទនៅតែបន្តរីករាលដាលក្រោមចំណាត់ការពុករលួយរបស់មន្ត្រីរដ្ឋបាលជលផល ដែលដើរទៅយកលុយពីឈ្មួញអ្នកនេសាទជនជាតិវៀតណាម។ រីឯអ្នកនេសាទខ្មែរដើម្បីចិញ្ចឹមក្រពះត្រូវក្រុមមន្ត្រីជលផលដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ, យ៉ាន់ វិសាក់ ហៅសែ, ហួន ផល…ជាដើម។ មានន័យថា លោកអភិបាលខេត្តគ្រាន់តែប្រកាសឲ្យប្រជាអ្នកនេសាទអរ ប៉ុន្តែលោកក៏បានលាភសក្ការពីបទល្មើសទាំងនោះដែរ។

បទល្មើសនេសាទ គ្រាន់តែនៅតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ គឺកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ។ អភិបាលខេត្តកំពង់ធំត្រូវគេរាយការណ៍ថា បានសើមមាត់សើមកពីដង្វាយរបស់ពួកមន្ត្រីជលផល ដែលបោះឲ្យត្របាក់។ ប្រសិនបើមិនដូច្នោះទេ លោកមុខជាចាត់វិធានការក្តៅចំពោះអ្នកដែលមិនបង្ក្រាបបទល្មើសនោះហើយ។ ពួកមន្ត្រីជលផលប្រចាំនៅខេត្តកំពង់ធំដឹកនាំដោយលោកប៉ែន វណ្ណរិទ្ធ ត្រូវតែខិតខំរកប្រាក់តាមរយៈការកសាងបទល្មើសនៅក្នុងបឹងទន្លេសាប ដើម្បីយកលុយជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំខេត្តកំពង់ធំនោះផង។ ដូច្នេះ បើទោះបីជាប្រជាពលរដ្ឋអ្នកនេសាទខំស្រែកយ៉ាងណាក៏ដោយ ក៏គេត្រូវតែធ្វើមិនដឹងមិនឮ មិនតែប៉ុណ្ណោះ ពលរដ្ឋខ្មែរដែលចុះនេសាទមិនបង់ប្រាក់ឲ្យពួកគេ មុខជាត្រូវពួកមន្ត្រីជលផលទាំងនេះចាប់យកទៅបង្ហាញចំពោះមុខលោកអភិបាលខេត្តជាមិនខាន។

បទល្មើសនេសាទនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំនេះ គឺគេអាចមើលដោយភ្នែកទទេឃើញតាមរយៈឈ្មួញអ្នកនេសាទឈ្មោះចេង ឈ្មោះ ចឿង ប្រើប្រាស់កាណូត៦គ្រឿងធ្វើសកម្មភាពរុញយ៉ាំងកៅយ៉ាងសកម្ម ។ ពួកអ្នកនេសាទល្មើសច្បាប់ទាំងនេះ ខ្លះអាងអំណាចលោកកែន គា នាយអធិការខាងជើងបឹងទន្លេសាបផង និងត្រូវបង់ប្រាក់ឲ្យពួកមន្ត្រីជលផលប៉ែន វណ្ណរិទ្ធ, យ៉ាន់ វិសាក់ ហៅសែនោះទៀត។ បើទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវចែករំលែកជូនថ្នាក់ដឹកនាំខេត្តកំពង់ធំ ជាពិសេសលោកសុខ លូ នោះទៀត។

ក្រុមមន្ត្រីជលផលខេត្តកំពង់ធំនិយាយថា បើទោះបីជាពួកគេអនុញ្ញាតឲ្យមានបទល្មើសនេសាទច្រើនបន្តិចក្តី ប៉ុន្តែសរុបទៅក្នុងមួយខែៗ មិនសូវជាសល់ប៉ុន្មានដែរទេ ព្រោះត្រូវចែករំលែកគ្រប់ទិសទី មានទាំងថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំខេត្តកំពង់ធំនោះទៀត។ ពួកគេនិយាយដោយត្រង់ៗថា បើមិនអនុញ្ញាតឲ្យមានបទល្មើសគឺពិតជាគ្មានលុយចិញ្ចឹមថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត និងសម្រាប់ធ្វើមានបានខ្លួនឯងនោះទេ៕

 


ចែករំលែក៖