ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលតាមប្រពន្ធរបស់គាត់ប្រាប់ថា គាត់មានជំងឺខ្សោយបេះដូងជាង២ឆ្នាំកន្លងមកហើយព្យាបាលមិនជាសោះ ស្រាប់តែពេលនេះ បានគាំងបេះដូងស្លាប់ ខណៈកំពុងដេកជិតប្រពន្ធនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះឈ្មោះមាង ភឿង អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម គាត់មានប្រពន្ធឈ្មោះហឹន វេ អាយុ៤៩ឆ្នាំ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ថា នៅវេលាយប់ថ្ងៃទី២៣ ខែធ្នូ ក្រោយត្រឡប់មកពីរត់ម៉ូតូឌុបវិញ គាត់ និងប្ដីបានហូបបាយជុំគ្នារួចបានចូលដេកជាធម្មតាដូចរាល់ដងដែរ។ លុះដល់វេលាទៀបភ្លឺ ប្ដីគាត់បានក្រោកអង្គុយជក់បារីអស់១ដើម ទើបចូលដេកវិញបន្តទៀត ពេលនោះ ក៏ស្រាប់តែសន្លប់លែងដឹងខ្លួនតែម្ដង។
ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់បានដឹងច្បាស់ណាស់ថា ប្ដីប្រាកដជាជំងឺបេះដូង រើឡើង និងគាំងបេះដូងហើយព្រោះប្ដីគាត់មានជំងឺខ្សោយបេះដូងរយៈពេលជាង២ឆ្នាំកន្លងមកហើយ។
ទើបពេលនោះគាត់ប្រញាប់ប្រញាល់ហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនប្ដីទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលក្រុមសង្គ្រោះទៅដល់ពិនិត្យ មើលហើយប្រាប់ថា ប្ដីគាត់ស្លាប់បាត់ហើយដែលពិតជាមានការតក់ស្លុតខ្លាំងណាស់។
នគរបាលបានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ១ រួមជាមួយកម្លាំងនគរបាលផ្នែកបច្ចេកទេសខណ្ឌពោធិ៍សែនជ័យ បានចុះទៅពិនិត្យហើយឃើញថា ជនរងគ្រោះ ធ្លាប់មានជំងឺគាំងបេះដូង ចំណែកសាកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ