ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកអង្គរបុរីដេញបាញ់អ្នកនេសាទខ្មែរដើម្បីផ្តល់ឱកាសឲ្យអ្នកនេសាទវៀតណាមប្រព្រឹត្តបទល្មើស

ចែករំលែក៖

ខេត្តតាកែវ៖ គេមិនដឹងថា តើថ្នាក់ដឹកនាំខេត្តតាកែវ ក្រោមអំណាចចាត់ចែងរបស់លោកឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គរបុរីបានដឹងអំពីបញ្ហាបទល្មើសនេសាទ ដែលពួកអាជ្ញាធរស្រុកនេះឃុបឃិតគ្នាបង្កើតឡើងប្រមូលប្រាក់ដែរឬយ៉ាងណានោះទេ? ប៉ុន្តែបើថ្នាក់ដឹកនាំខេត្តថាមិនដឹងដូចជាមិនសម ពីព្រោះបទល្មើសនេសាទគេអាចមើលដោយភ្នែកទទេ មិនមែនដូចបទល្មើសគ្រឿងញៀន ដែលពួកឈ្មួញយកទៅលាក់ទុកបាំងភ្នែកសមត្ថកិច្ចនោះឡើយ។

បទល្មើសនេសាទនៅស្រុកអង្គរបុរីត្រូវបានគាំពារដោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ។ ឈ្មួញជនជាតិវៀតណាមអាចចូលនេសាទដោយសេរីបន្ទាប់ពីបង់ប្រាក់ជូនលោក អ៊ឹម ផាត មន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកអង្គរបុរី ដែលជាមេក្លោងធំក្នុងការចាត់ចែងឲ្យអ្នកនេសាទវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរនៃស្រុកនេះ។ ប្រជាពលរដ្ឋខ្មែរត្រូវបានហាមឃាត់ដាច់ខាត មិនអនុញ្ញាតឲ្យចូលនេសាទ សូម្បីដើម្បីចិញ្ចឹមឆ្នាំង។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ប្រជានេសាទលក្ខណៈគ្រួសារនៅក្នុងស្រុកអង្គរបុរី ត្រូវបានកម្លាំងយោធា៣នាក់ និងជំនួយការស្រុកម្នាក់ដេញបាញ់ទាំងយប់ នៅគ្រាដែលពួកគាត់កំពុងនេសាទ។ ពួកគេដេញបាញ់ចាប់ពីប៉ុស្តិ៍ចាស់រហូតដល់ស្នាក់ការជលផលរបស់លោកខឹម ប៊ុនថន ទើបប្រជាពលរដ្ឋរត់រួច។ ប្រសិនបើរត់មិនរួចទេ នឹងត្រូវពួកគេចាប់ ឬអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ ការដែលពួកគេដេញបាញ់អ្នកនេសាទខ្មែរនោះ គឺដើម្បីទុកឱកាសឲ្យអ្នកនេសាទវៀតណាមបានប្រព្រឹត្តបទល្មើសដោយសេរី។

នៅស្រុកអង្គរបុរី បណ្តាជនវៀតណាមអាចចូលមកនេសាទបានដោយសេរីរួមទាំងការដាក់សម្រាស់នោះផង។ ពួកគេបង់ប្រាក់ឲ្យក្រុមលោកខឹម ប៊ុនថន និងអ៊ឹម ផាត ក្នុងមួយទូកយ៉ាងហោចណាស់៧០០ដុល្លារ និងមួយសម្រាស់យ៉ាងហោចណាស់៣ពាន់ដុល្លារ។ ដូច្នេះ ជនជាតិខ្មែរគ្មានវាសនាបាននេសាទយកត្រីខ្មែរមកលក់ដូរចិញ្ចឹមជីវិត ឬក៏បរិភោគនោះឡើយ។

បើតាមប្រជាពលរដ្ឋដែលរងគ្រោះដោយការតាមបាញ់ប្រហារពីមន្ត្រីយោធា ក្រោមបញ្ជារបស់ឈ្មោះគឹម ហាន និងជំនួយការសាលាស្រុកអង្គរបុរីនោះ ពួកគេធ្វើតាមការណែនាំរបស់លោកឌុម គឹមសាន អភិបាលស្រុកនេះ។ លោកឌឹម គឹមសាន ឃុបឃិតជាមួយមន្ត្រីជលផល អនុញ្ញាតឲ្យមានបទល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួនជាថ្នូរនឹងប្រាក់ ។ សព្វថ្ងៃនេះ ពួកឈ្មួញអ្នកនេសាទវៀតណាមបាននិងកំពុងធ្វើសកម្មភាពតាមអំពើចិត្តក្នុងការប្រព្រឹត្តល្មើស។ គេមើលឃើញមានរបាំងព្រួល ស្បៃមុងរាប់ពាន់ម៉ែត្រ, ដាយដាក់ត្រីរាប់សិបគន្លង, ការចាប់ផ្តើមដាក់សម្រាស់ត្រី… ទូកអ្នកនេសាទវៀតណាមអណ្តែតពេញផ្ទៃទឹក… ទាំងនេះសុទ្ធតែត្រូវបង់ប្រាក់ឲ្យអាជ្ញាធរស្រុក និងមន្ត្រីរដ្ឋបាលជលផល។

លោកឌឹម គឹមសាន មិនលើកទូរស័ព្ទនោះទេ កាលពីព្រឹកមិញ។ ដូចគ្នានេះដែរ លោកអ៊ឹម ផាត គ្រាន់តែឮថា អ្នកកាសែត ក៏បិទទូរស័ព្ទតែម្តង ៕ ហេង សូរិយា

លោកឌឹម គឹមសាន

លោក អ៊ឹម ផាត


ចែករំលែក៖