ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធនិងកូនតូចប្រុសស្រី២នាក់ឲ្យរស់នៅកំព្រាឯកា កាលពីម៉ោងជាង៤រសៀល ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងការដ្ឋានសាងសង់សកលវិទ្យាល័យវិចត្រសិល្បៈ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះមានឈ្មោះ ជាង ចាន់ដា អាយុ៣០ឆ្នាំ មុខរបរជួយលក់បាញ់ឆែវឲ្យគេ ស្នាក់នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងមានកូនស្រី ប្រុសតូចៗ២នាក់ បានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់មានឈ្មោះ ក្រាញ់ ឆន អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ប្ដីរបស់គាត់ជារៀងរាល់ថ្ងៃតែងតែចេញទៅធ្វើការសំណង់ ក្នុងការដ្ឋានខាងលើ ដោយម៉ៅកាត់សរសថ្មក្បាលគ្រឹះក្នុងរណ្ដៅ ហើយនៅពេលកើតហេតុ ដោយសារការកាត់សរសក្បាលគ្រឹះនោះនៅក្នុងរណ្ដៅមានទឹក ទើបធ្វើឲ្យជនរងគ្រោះយកម៉ូទ័រទៅកាត់ក្នុងទឹកបណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់រងរបួសធ្ងន់ធ្ងរតែម្ដង ។ តែក្នុងអំឡុងពេលកើតហេតុ ក៏មានកម្មករដូចគ្នា២នាក់ បានជួយលើកជនរងគ្រោះពីកន្លែងកើតហេតុ និងបានយកដីខ្សាច់កប់ជនរងគ្រោះដើម្បីជួយបឯមផងដែរ ដោយពុំឃើញមានតំណាងការដ្ឋានសាងសង់ខាងលើមកជួយអន្តរាគមន៍នោះឡើយ ។ ពេលនោះកម្មករសំណង់ដូចគ្នាក៏បានទាក់ទងហៅរុឺម៉ក់ម៉ូតូដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ តែអកុសលគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយមក សាច់ញាតិជនរងគ្រោះក៏បានដឹកសពយកមកដំកល់នៅវត្ត សំពៅក្រៃស័ក្ដ ដែលស្ថិតនៅក្បែរសណ្ឋារគារ សុខា ដោយមានសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញខាងកោសល្យវិច័យមកពិនិត្យ និងទំនាក់ទំនងទៅក្រុមហ៊ុនម៉ៅការសំណង់ខាងលើ មកដោះស្រាយផងដែរ ។
បន្ទាប់មកឪពុកម្ដាយបង្កើតសពជនរងគ្រោះបានស្នើសុំយកសពជនរងគ្រោះ ដឹកយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ