ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូចំពីមុខរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារី២នាក់ បានបើកម៉ូតូដឹកគ្នាតាមបណ្តោយផ្លូវជាតិ ស្រាប់តែមានរថយន្ត១គ្រឿង បើកបញ្ច្រាសទិស បុកចំពីមុខពេញទំហឹង ខ្ទាតជនរងគ្រោះចេញពីម៉ូតូជាច្រើនម៉ែត្រ រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៥ និង៤០នាទីព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ក្នុងភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នារីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះម្នាក់ជាអ្នកបើកបរឈ្មោះ គង់ អាយុ១៩ឆ្មាំ រស់នៅភូមិពន្លឺរស្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នកជិះពីក្រោយមិនទាន់ស្គាល់ឈ្មោះ រស់នៅភូមិជាមួយគ្នា។ចំណែកម៉ូតូដែលពួកនាងជិះម៉ាកហុងដាវ៉េវ ព៌ណខ្មៅលាយស ពាក់ស្លាកលេខកំពត 1D-9352។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ បើកម៉ូតូដឹកគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច។ លុះមកដល់កន្លែងកើតហេតុ មានរថយន្តមិនស្គាល់ម៉ាក និងស្លាកលេខ១គ្រឿង បើកមកពីទិសខាងលិច ដោយល្បឿនលឿន បានជ្រុលចង្កូតបុកម៉ូតូនារីរងគ្រោះ ចំពីមុខពេញទំហឹងបណ្តាលឲ្យ ផ្លោងពួកនាង ចេញពីម៉ូតូជាច្រើនម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់ ដេករដូករណែលតាមចិញ្ចើមថ្នល់ និងម៉ូតូ ខូចខាតធ្ងន់ធ្ងរ។ ដោយឡែករថយន្តបង្ក ក្រោយបង្កហេតុ មិនបានឈប់ទទួលខុសត្រូវឡើយ បានបន្ថែមល្បឿនបើកគេចមកទិសខាងកើតបាត់ស្រមោល។

ក្រោយកើតហេតុ នគរបាលចរាចរស្រុក បានចុះមកអន្តរាគមន៍ ទាក់ទងសាច់ញាតិឲ្យមកដឹកនារីរងគ្រោះទាំង២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ច វាស់វែងរួច បានយកទៅរក្សាទុក រង់ចាំសាច់ញាតិមកទទួលយកទៅជួសជល់ ប្រើប្រាស់វិញ នៅពេលក្រោយ៕ សេនាស័ក្តិ


ចែករំលែក៖