ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស២នាក់កន្លែងផ្សេងគ្នាជាមុខសញ្ញាជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ដែលម្នាក់មានដីកាចាប់ខ្លួន ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងផ្សេងគ្នា ដោយដកហូតបានថ្នាំញៀន៩កញ្ចប់។

ការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅ២ទីតាំង គឺទី១នៅស្រុកឧដុង្គ និងនៅស្រុកភ្នំស្រួច។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនគរបាលស្រុកឧដុង្គបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃកើតហេតុខាងលើ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅចំណុចផ្ទះឈ្មោះ អុន ប៊ុនធឿន ស្ថិតក្នុងភូមិសារ៉ាម ឃុំពាំងល្វា ស្រុកឧដុង្គ មានការជួញដូរថ្នាំញៀនយ៉ាងសកម្មទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចុះទៅដល់ទីតាំងខាងលើរួចឃាត់ខ្លួនម្ចាស់ផ្ទះ និងឆែកឆេររកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៥កញ្ចប់ ដែលជនសង្ស័យលាក់ទុកនៅជាប់នឹងខ្លួនរបស់គេ រួមទាំងកាំភ្លើងច្នៃ១ដើម និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ដោយឡែក នៅវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃដដែល នគរបាលស្រុកភ្នំស្រួចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សុវ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៥១ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ដោយលោក ស៊ឹង វុទ្ឋី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងវត្តត្រពាំងក្រឡឹង ស្ថិតក្នុងភូមិក្រាំងខ្ជាយ ឃុំតាំងស្យាភ្នំស្រួច ដោយបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៤កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង និងខ្សៀរជក់ថ្នាំ១រួមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ សេនា ស័ក្តិ

 


ចែករំលែក៖