ព័ត៌មានទាន់ហេតុការណ៍៖

ដើរបេះបន្លែជំងឺឆ្កួតជ្រូករើឡើងវិញប្រកាច់ធ្លាក់ចូលស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសមានជំងឺប្រចាំកាយម្នាក់ បានដើរទៅខាងក្រោយផ្ទះរបស់ខ្លួនដើម្បីបេះបន្លែ ស្រាប់តែជំងឺឆ្កួតជ្រូក ធ្វើទុក្ខ ប្រកាច់់ពីលើខ្នងស្រះ ធ្លាក់ចូលទឹកលង់ស្លាប់តែម្នាក់ឯង គ្មានសាច់ញាតិណាបានឃើញ ជួយសង្គ្រោះទាន់ឡើយ។ហេតុការណ៍ភ្ញាក់ផ្អើលមនុស្សលង់ទឹកនេះ បានកើតឡើងកាលពីម៉ោង១០និង១០នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិដកពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះជុំ ឃឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រសារ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺឆ្កួតជ្រូកនេះ យូរមកហើយ ទោះបីសាច់ញាតិ យកទៅព្យាបាលយ៉ាងណា មិនបានជាដាច់សោះ ទើបមិនសូវឲ្យគាត់ទៅណាឆ្ងាយៗតែម្នាក់ឯងទេ។ខណៈនៅមុនពេលកើតហេតុ ជនរងគ្រោះ បានដើរទៅខាងក្រោយផ្ទះ បេះបន្លែដែលដាំតាមលើភ្លឺស្រះ ចម្ងាយប្រហែល២០០ម៉ែត្រ ក៏ស្រាប់តែជំងឺចាស់រើឡើងវិញ ប្រកាច់ធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអណោចអធម ។លុះបាត់ជនរងគ្រោះយូរ ក៏ដើរមករកមើល ស្រាប់តែប្រទះឃើញធ្លាក់ស្រះ ក៏ប្រញាប់ចុះស្រង់ឡើងមកលើគោក ដើម្បីជួយសង្រ្គោះ តែយឺតពេលមិនអាចជួយបាន។

ក្រោយកើតហេតុ ក្រុមគ្រួសារបានរាយការណ៍ឲ្យសមត្ថកិច្ចជំនាញ ចុះមកពិនិត្យសាកសព។ ករណីខាងលើនេះសមត្ថកិច្ចជំនាញពិនិត្យឃើញថាសាកសពខាងលើគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ ហើយបានប្រគល់សាកសពអោយទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕សេនាស័ក្តិ


ចែករំលែក៖