ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនៅឧបទ្វីបកូរ៉េតានតឹងជប៉ុនបង្កើនការចំណាយទៅលើសកម្មភាពការពារជាតិ

ចែករំលែក៖

ដោយសារតែភាពតានតឹងនៅក្នុងតំបន់កើនឡើងខ្ពស់អាចផ្ទុះសង្គ្រាមគ្រប់ពេល វេលា បានធ្វើឲ្យប្រទេសនៅក្នុងតំបន់ ពិសេសគឺជប៉ុនបង្កើនថវិកាដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង ។សូម បញ្ជាក់ផងដែរថាប្រទេសជប៉ុនគឺស្ថិតនៅត្រង់ចំណុចផ្លូវនៃការហោះហើររបស់មីស៊ីលកូរ៉េខាងជើង ពេលបាញ់សាកល្បង ក៏ដូច ជាពេលមានសង្គ្រាម។

ដោយហេតុនោះរដ្ឋាភិបាលជប៉ុន ទើបបានសម្រេចអនុម័តគម្រោងថវិកា ចំណាយ ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះ គេសង្កេតឃើញថា កញ្ចប់ថវិកាចំណាយ ក្នុងវិស័យការពារជាតិ បានឡើងធំលើសឆ្នាំ មុនដល់ទៅ១,៣%។ ការបន្ថែមការចំណាយ កាន់តែច្រើនទៅៗ ក្នុងវិស័យការពារជាតិ នេះ គឺជប៉ុន ចង់ត្រៀមខ្លួន ទប់ស្កាត់រាល់ ការវាយប្រហារណាមួយ ពីសំណាក់កូរ៉េ ខាងជើង។

គួរកត់សម្គាល់ថា ឆ្នាំ២០១៧កន្លងទៅ ចំណូលថវិការដ្ឋរបស់ជប៉ុន បានកើនឡើង ច្រើន សរុបទាំងអស់ប្រមាណ៤៤ម៉ឺនលានអឺរ៉ូ។ ក្រៅពីបន្ថែមការចំណាយក្នុងវិស័យការពារជាតិ គម្រោងចំណាយ មួយកញ្ចប់ ធំផ្សេងទៀត គឺជប៉ុនប្រគល់ទៅឲ្យការ ស្ថាបនា ជួសជុល ហេដ្ឋារចនាសម្ព័ន្ធសាធា រណៈ មានជាអាទិ៍ ដើម្បីត្រៀមទទួលកីឡាអូឡាំពិកឆ្នាំ២០២០ ខាងមុខនេះ។

គណៈរដ្ឋមន្ត្រីជប៉ុន បានបោះឆ្នោត អនុម័តគម្រោងចំណាយ ថវិការដ្ឋ ក្នុងឆ្នាំ ២០១៨ ដែលមានទឹកប្រាក់សរុប ប្រមាណ ៩៧.៧០០ ពាន់លានយ៉េន ដែលស្មើនឹង ៧៣០.០០០លានអឺរ៉ូ។ ក្នុងចំណោម គម្រោងចំណាយ គេសង្កេតឃើញថា ថវិកាចំណាយក្នុងវិស័យ ការពារជាតិ បានកើនឡើងខ្លាំង ពោលគឺចំនួនសរុប ៣៨៦ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ។

គួរកត់សម្គាល់ថា ថវិកាចំណាយក្នុង វិស័យការពារជាតិជប៉ុននេះ បានកើនឡើង ជាប់ជាប្រចាំ៦ឆ្នាំ ជាប់គ្នាមកហើយ ដែល នេះសបង្ហាញ ឲ្យឃើញអំពីចេតនារបស់ រដ្ឋាភិបាលជប៉ុន ដែលផ្តល់សារសំខាន់ ដល់វិស័យការពារជាតិ។ ជាងនេះទៅទៀត ជាមួយនឹងការគំរាម ធ្វើសង្រ្គាម និងការ បាញ់មីស៊ីល ហោះរំលងជប៉ុនជាញឹកញយ ពីសំណាក់កូរ៉េខាងជើង ជប៉ុនកាន់តែជំរុញពង្រឹងវិស័យការពារជាតិរបស់ខ្លួន ឲ្យកាន់ តែរឹងមាំ។

តាមការឲ្យដឹង នៅក្នុងកញ្ចប់ថវិកា ចំណាយ ក្នុងឆ្នាំ២០១៨ខាងមុខនេះ គឺផ្តោតសំខាន់ ទៅលើការចំណាយ ក្នុងការដាក់តាំងប្រព័ន្ធការពារគ្រាប់មីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង។ ក្នុងទិសដៅនេះ ជប៉ុននឹង ទិញប្រព័ន្ធខែលមីស៊ីលថ្មីមួយ (SM-3 Block IIA) ដែលអាចចាប់កម្ទេចមីស៊ីលពីចម្ងាយបាន។ បន្ថែមពីនេះ ជប៉ុន មានគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធចាប់ កម្ទេចគ្រាប់មីស៊ីល Patriotរបស់ខ្លួន ទុក ទប់ទល់ ក្នុងករណី មីស៊ីលមកដល់ជិតទឹក ដីជប៉ុន ហើយជប៉ុន ក៏នឹងរៀបចំដំឡើងស្ថានីយប្រព័ន្ធរ៉ាដា (Aegis) ជាច្រើន កន្លែងផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖