ខេត្តពោធិ៍សាត់៖ យ៉ាងហោចនារីៗចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា នៅក្រុងពោធិ៍សាត់ និងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី ព្រឹក ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចមុខកោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 7282 និងរថយន្តម៉ាក កាមរីឆ្លាម ពណ៏ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I 5081។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា មុនកើតហេតុភាគីខាងម៉ូតូបើកបរដោយឈ្មោះ អឿន ចិន ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង(របួសស្រាល) និងអ្នករួមដំណើរ ២នាក់ទៀតទី១ ឈ្មោះ មុំ ពាន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា(របួសស្រាល) និងទី២ ឈ្មោះ សំ អាត ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(របួសធន់បាក់ជើងស្ដាំ) បានធ្វើចរាចរណ៍ក្នុងទិសដៅពីជើងទៅឆ្ពោះទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកជារថយន្តពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលរដូករណេលតែម្ដង ហើយត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
ដោយឡែក៖ ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញ ក៍មានករណីគ្រោះថ្នាកចរាចរណ៍់មួយបានកើតឡើងកាលពីវេលាម៉ោង២ និង៤៧នាទី រសៀលថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤.១៣៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងដោយរថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៏ប្រផេះលាយទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3D 5353 របស់ក្រុមហ៊ុន(កាពីតូល)អ្នកបើកបរ(រត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F 1680 ពីក្រោយពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាលរដូករណេលចំនួន ៣នាក់ទៀតផងដែរ។
ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់ទៀតថា អ្នកបើកបរម៉ូតូឈ្មោះ ហេង សុខភា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល) និងអ្នករួមដំណើរទី១ ឈ្មោះ សាន យិន ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ(របួសធន់) និងទី២ ឈ្មោះ ហៃ ចរិយា ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ(របួសធន់) អ្នកទាំង ៣នាក់រស់នៅភូមិជើតលោង ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ជនរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបង្ករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឺម ពិន