ខេត្តស្ទឹងត្រែង៖ ភូមិភាគឥឦសានមួយរយះនេះបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងទៅវៀតណាម មានភាពធូរលុងគួរអោយកត់សំគាល់ ក្នុងនោះ ករណីខ្លះមានពាក់កណ្តាលស្របច្បាប់ និងគ្មានច្បាប់ ដោយប្រើប្រភេទឡានយីឌុបជាមធ្យោបាយដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ស្របពេលអ្នកមានភារកិច្ចបង្ក្រាបប្រឹងតែគិតទាញយកប្រយោជន៍ធំនិងបទល្មើសនេះ ដ៏ងប់ងល់លែងឈឺក្បាលវិលមុខនិងការរិះគន់ សំខាន់បានលុយមានឱកាស ហើយមានរឿងដោះស្រាយជាក្រោយក្លាយទៅជាវប្បធម៍ដ៏អាក្រក់បំផុត និងខ្វះភាពថ្លៃថ្នូរមូលគំនិតគ្នា របៀប«ទន្សោងៗគោព្រៃ អាតូចសុីតាមតូច អាធំសុីតាមធំ»។
ជាក់ស្តែងក្រៅពីឧកញ៉ាមានតែឈ្មោះមុខធំ ពង្រីកអំណាច តែមានមុខរបបរកសុីគ្មានជាការប្រកួតប្រជែងពាណិជ្ជកម្មដោយស្មោះត្រង់ប៉ុន្មាននាក់ខាងបំផ្លាញព្រៃឈើ ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ច ជំនាញនោះ។ ថ្មីៗនេះមាន ឈ្មោះមេឈ្មួញឈើម្នាក់ទៀតហើយ គឺឧកញ៉ា អុឹង ប៊ុនចិន បានប្រមូលទិញឈើមកពីគ្រប់ទិសទី រួចយកមកប្រមូលទុកនៅម្តុំអូរព្រះ ឃុំអូគ្រៀង ស្រុកសំបូរ បន្តដឹកជញ្ជូនទៅវៀតណាមតាមច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងសម្រុក បន្ទាប់ពីយល់ចិត្តយល់ថ្លើមសមត្ថកិច្ចមានតួនាទីបង្ក្រាបសឹងជាសាច់ឈាមគ្នាតែមួយតាមរយះ«ឧកញ៉ា អុឹង ប៊ុនចិន ជាអ្នករកប្រយោជន៍អោយ ហើយសមត្ថកិច្ចមានតួនាទីបង្ក្រាបមានគុណសម្បត្តិបិទភ្នែកយោគយល់»?
ឧកញ៉ា អុឹង ប៊ុនចិន មានឈ្មោះបោះសំឡេងខាងមុខរបរជំនួញឈើនេះយូមកហើយ ក្រៅពីទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុន គាត់ក៏ជាអ្នកជំនាញចេញមុខរត់ការ ការដឹកជញ្ជូនឈើ។ បច្ចុប្បន្នគាត់ក្លាយជាមេឈ្មួញដឹកឈើចេញពីចំណុចអូរព្រះ ឆ្លងទៅវៀតណាមតាមច្រកត្រពាំងស្រែ-វ៉ាលឺ យ៉ាងគគ្រឹងគគ្រេងមួយរយះនេះ ។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ៕ ល័ក្ស្មុី