*នាយប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣៖ ភាគីម្ចាស់ម៉ូតូមិនដាក់ពាក្យបណ្តឹងលើជនសង្ស័យទេ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម្ចាស់ម៉ូតូសហការជាមួយនឹងសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលឃុំគគីចាប់ខ្លួនកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃអាទិត្យ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចកន្លែងទទួលផ្ញើម៉ូតូផ្សារគគី ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមបទសង្ស័យករណីអំពើរលួច។ ក្រោយសហការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើលុះដល់ម៉ោង១៥និង៤៥នាទីរសៀលថ្ងៃដដែលទើបនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការទៅតាមនីតិវិធីច្បាប់។
ជនសង្ស័យមានឈ្មោះ វង សុភី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកផ្អាវ ឃុំក្រញ៉ាញ ស្រុកស្វាយរៀង ខេត្តស្វាយរៀង និងមានមុខរបរជាកសិករ។ ចំណែកភាគីម្ចាស់ម៉ូតូមានឈ្មោះ ឆាន ឃ្លុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ម៉ូតូដែលបាត់នោះមានម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខស្វាយរៀង1J-7834។
បើយោងតាមប្រភពព័ត៌មានបានដឹងថា មុនពេលកើតហេតុគឺនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ធ្នូ ឈ្មោះ ឆាន ឃ្លុល បានជិះម៉ូតូរបស់ខ្លួនមកចតទុកនៅកន្លែងធ្វើការមុខផ្ទះគ្មានលេខភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ រួចក៏បានចូលទៅធ្វើការនៅខាងក្នុងផ្ទះ។ លុះដល់ម៉ោង១០និង៤០នាទី ថ្ងៃដដែលជនរងគ្រោះ(ឆាន ឃ្លុល) បានចេញមករកម៉ូតូរបស់ខ្លួនក្នុងគោលបំណងជិះចេញក្រៅស្រាប់តែបាត់ម៉ូតូតែម្តង ហើយពេលនោះ(ឆាន ឃ្លុល)ក៏បានដើរស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធGPS រហូតដល់កន្លែងផ្ញើម៉ូតូនៅមុខផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានប្រទះឃើញម៉ូតូនៅទីនោះ។
ប្រភពដដែលបន្តថា ពេលឃើញម៉ូតូរបស់ខ្លួនហើយ ឆាន ឃ្លុល ម្ចាស់ម៉ូតូក៏បានសុំការអនុញ្ញាតពីឈ្មោះ គួន លាងស្រ៊ុន ដើម្បីពិនិត្យមើលលេខតួរ លេខម៉ាស៊ីន ត្រឹមត្រូវតាមកាតគ្រី ដោយឡែកស្លាកលេខគេកាច់ចោលបាត់។ ឆាន ឃ្លុល ដឹងថាជាម៉ូតូខ្លួនក៏សុំសហការជាមួយសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលគគីរយកម៉ូតូទៅរក្សាទុកនៅស្នាក់ការប៉ុសិ៍្តជាបណ្តោះអាសន្ន ដើម្បីរងចាំមើលមានមនុស្សមកយកម៉ូតូនេះ។ លុះដល់១១និង០០នាទីថ្ងៃដដែល ក៏លេចចេញបុរសម្នាក់ឈ្មោះ វង សុភី មករកម៉ូតូនៅកន្លែងផ្ញើហើយពេលនោះឈ្មោះ គួន លាងស៊្រុន មានការសង្ស័យក៏បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច។ ភ្លាមៗនោះសមត្ថកិច្ចក៏បានមកដល់ស្រាប់តែជនសង្ស័យឈ្មោះ វង សុភី នោះរត់គេចខ្លួនបង្កការភ្ញាក់ផ្អើលតែត្រូវពលរដ្ឋជួយចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលគគី។ នៅម៉ោង១៥និង៤៥នាទីថ្ងៃទី២៤ធ្នូ ទើបយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣។
ជុំវិញករណីខាងលើ លោក ឯម ភារី នាយនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣ បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា នៅថ្ងៃកើតហេតុគឺជនរងគ្រោះម្ចាស់ម៉ូតូនោះគាត់អត់បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចយើងទេ។ ដោយឡែកនៅពេលនាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចយើងក៏គាត់ដាក់ពាក្យបណ្តឹងលើជនសង្ស័យដែរ គឺគាត់សុំតែយកម៉ូតូទៅប្រើប្រាស់វិញតែប៉ុណ្ណោះ។ លោក ឯម ភារី បន្តថា ចំណែកជនសង្ស័យឈ្មោះ វង សុភី នោះវិញគាត់ក៏អត់បានសារភាពផងដែរ គាត់គ្រាន់តែនិយាយថារូបគាត់ទៅឈរចាំបងប្អូនមកទទួលគាត់នៅទីនោះទេ ហើយអ្វីៗគាត់អត់បានដឹងទាំងអស់។ ស្រាប់តែសមត្ថកិច្ចមកដេញចាប់គាត់ដោយមិនដឹងមូលហេតុអ្វីទាំងអស់។ សំខាន់ត្រង់ថា ភាគីម្ចាស់ម៉ូតូមិនដាក្យពាក្យបណ្តឹងទេ តែទោះបីជាយ៉ាងនេះក្តីជនសង្ស័យនៅបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ៕ តាឡឹម