ខេត្តបាត់ដំបងៈ បុរសម្នាក់ ជិះម៉ូតូបុករថយន្តមិនស្គាល់ម៉ាកមួយគ្រឿងចំពីក្រោយ បណ្ដាលឲ្យស្លាប់ខ្លួនឯងភ្លាមនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២២៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំ- ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពីចេញពីពិធីមង្គលការបងប្អូន ។
សមត្ថកិច្ចនគរបាលចរាចរស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អាត ប៊ុនហុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1T-4641 ចេញពីកម្មវិធីការបងប្អូន នៅឃុំបារាំងធ្លាក់ បម្រុងទៅដេកផ្ទះ មិត្តភក្តិនៅឡែម ស្រុកកំរៀង។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តមិនស្គាស់ម៉ាកមួយគ្រឿង បណ្តាលឲ្យដួលបាក់កស្លាប់ខ្លួនឯង នៅកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តដែលម៉ូតូជិះបុកនោះបានបើកទៅមុខគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុក ភ្នំព្រឹកបាន ចុះវាស់វែង និងពិនិត្យដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹករួចបាន ប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី