ខេត្តព្រះសីហនុ៖ យ៉ាងតិចមនុស្សស្រី ប្រុស៤នាក់បានរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នា កាលពីថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង៦និង២០នាទីព្រឹក។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-5998 ដឹកទំនិញ បានបុកនឹងរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2x-6815 ជិះគ្នាចំនួន ០៤នាក់ស្រី ម្នាក់ (ជាបុគ្គលិកទូរទស្សន៍អប្សរា) ដែលមានទិសដៅពីផ្ទុយគ្នា បណ្ដាលឲ្យភាគីខាងរថយន្តរបស់ទូរទស្សន៍ មានអ្នករងរបួសទាំង៤នាក់ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ស្ថានភាពរបួសមិនធ្ងន់ធ្ងរទេ និងក្រោយមកបានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញ។ ឯវត្ថតាងរថយន្ត២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយគ្នាតាមច្បាប់៕