ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តកំពង់ធំ បានលើកឡើងថា លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ហើយឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងក្រអឺតក្រទម។ ប្រការនេះគឺជារឿងដែលលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនគួរមើលរំលងតទៅទៀតទេ ព្រោះបច្ចុប្បន្នលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ហើយមន្ត្រីក្រោមឱវាទរបស់លោក តុប កក្កដា ប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងជាងមុនទៅទៀត។ មន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ត្រូវបានប្រជាពលរដ្ឋរិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើទេ ហើយបែរជាកាងបទល្មើសដើម្បីផលប្រយោជន៍យ៉ាងងងើល។
កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅចំណុចជញ្ជាំងព្រៃឡង់ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយតាមសេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ការផ្ទុះអាវុធនោះបង្កឡើងដោយមន្ត្រីបរិស្ថាន បាញ់រះទៅលើប្រជាសហគមន៍ដែលចុះល្បាតការពារព្រៃឈើនៅក្នុងតំបន់នោះ។ ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើបានឲ្យដឹងថា មន្ត្រីបរិស្ថាន តែងការពារក្រុមជនល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ហើយគំរាមកំហែងសព្វបែបយ៉ាងដល់ប្រជាសហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។ មានការរិះគន់ចំៗថាមន្ត្រីបរិស្ថានខេត្តកំពង់ធំ ក្រោមការគ្រប់គ្រងរបស់លោក តុប កក្កដា បង្ក្រាបតែប្រជាពលរដ្ឋតូចតាចដឹកឈើបន្តិចបន្តួច ចំណែកឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើតាមគោយន្តនិងរថយន្តធំៗយ៉ាងពេញបន្ទុក ពួកគេមិនបង្ក្រាបឡើយ។
សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងថាកន្លងមកមន្ត្រីបរិស្ថាន បង្កបញ្ហាជាច្រើនដូចជា ធ្លាប់ចាប់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់ប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួចជំរិតយកលុយរាប់លានរៀល ដោយសារមានលោក តុប កក្កដា ជាខ្នងបង្អែកដ៏រឹងមាំរបស់ពួកគេ។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក តុប កក្កដា ទេនោះគឺមន្ត្រីបរិស្ថាន នៅក្នុងស្រុកសណ្ដាន់ មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ហើយពេលខ្លះពួកគេដោះលែងឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅតាមបទបញ្ជារបស់លោក តុប កក្កដា យ៉ាងក្រអឺតក្រទម។ ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរពិនិត្យមើលអំពើពុករលួយនិងអំពើអាក្រក់របស់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទខ្លះផង ព្រោះមួយរយៈចុងក្រោយនេះលោក តុប កក្កដា បើកដៃឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន៕