ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពីក្រោយស្លាប់ក្មេងម្នាក់នៅក្រុងសំរោង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ក្មេងអាយុ១៣ឆ្នាំម្នាក់ ត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹង ខណៈកំពុងជិះម៉ូតូបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ។ ករណីនេះ កើតឡើងកាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦៨B ចំណុចផ្សារស្បូវ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីនគរបាលស្រុកសំរោងបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ម៉ុយ បយ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិគីរីមង្គល សង្កាត់អូស្មាច់ ក្រុងសំរោង បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ។

សាក្សីបានប្រាប់ថា មុនពេលកើតហេតុគេបានឃើញក្មេងខាងលើ ជិៈម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាក់លេខ ឧត្តរមានជ័យ 1A-9172 តែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ដឹកដំឡូងមីបើកបរស្របទិសគ្នា បានជ្រុលចង្កូតទៅបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរក្រុសំរោងបានចុះទៅដល់កន្លែងកើតហេតុ និងវាស់វែងរួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ែន នួន


ចែករំលែក៖