ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ពេលយប់ចេញទៅផឹកស៊ីនៅខាងក្រៅ ព្រឹកឡើងស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់បានដេកស្លាប់នៅលើគ្រែ ដោយជំហ៊ានដំបូងគេអាចសន្និដ្ឋានថាខ្សល់គរ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងសំណង់ផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិព្រែកទាល់១ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសរងគ្រោះនោះមានឈ្មោះ ជ័យ សុខ អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។

តាមការឲ្យដឹងពីកម្មករសំណង់ម្នាក់បានប្រាប់ថា នៅល្ងាចថ្ងៃទី២៥ ធ្នូ បុរសរងគ្រោះបានចេញទៅផឹកស៊ីជាមួយមិត្តភក្តិគាត់នៅក្រៅការដ្ឋានសំណង់ រហូតដល់ម៉ោងជាង៧យប់ ទើបត្រឡប់វិញ ហើយបានហូបបាយជុំគ្នាតាមធម្មតាដូចសព្វដងរួចរាល់ក៏នាំគ្នាចូលដេកអស់។ លុះដល់ព្រឹកឡើងម៉ោងជាង៧ព្រឹក ថ្ងៃទី២៦ ធ្នូ ឈ្មោះ មាន សារុំ អាយុ៣២ឆ្នាំ កម្មករសំណង់ជាមួយគ្នាបានហៅជនរងគ្រោះឲ្យក្រោកឡើងធ្វើការ។ ពេលហៅក៏មិនឃើញក្រោក ហៅយ៉ាងម៉េចក៏មិនក្រោក ដល់មានការភ្ញាក់ផ្អើលថា ជនរងគ្រោះស្លាប់បាត់ហើយ។ ភ្លាមៗនោះ ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចតែម្តង។

ក្រោយពីពិនិត្យកោសល្យវិច័យរួចរាល់ហើយ សាកសពក៏ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ តាឡឹម


ចែករំលែក៖