ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងកូរ ខឹងមិត្តភក្ដិទៅឃាត់ ទាញដែកជ្រុងវាយបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ផឹកស្រវឹងស្រែកឡូឡារកូរគេកូរឯង ហើយពេលយុវជនម្នាក់ទៀតដែលជាមិត្តភក្ដិឃាត់ក៏បានទាញដែកជ្រុងវាយបណ្ដាលឲ្យបែកក្បាលដេរចំនួន៤ថ្នេរហូរឈាមកក្លាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ១ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនដៃដល់ខាងលើឈ្មោះហុង គឹមសុង អាយុ២០ឆ្នាំមុខរបរកម្មករកាត់ដេរមានស្រុកកំណើតនៅក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិស ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះឈ្មោះស៊ឺន ហុង អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្គុន ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់បានផឹកស៊ីស្រវឹង ហើយបានស្រែកឡូឡារ ។ ពេលនោះខ្លួនបានចូលទៅឃាត់ស្រាប់តែជននោះទាញ ដំបងដែកជ្រុងវាយបណ្ដាលឲ្យបែកក្បាលតែម្ដង។ បន្ទាប់មកខ្លួនបានដាក់ពាក្យប្ដឹងសុំអន្តរាគមន៏ពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យចាប់ខ្លួនជននេះនាំទៅសាកសួរ ។

ប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែធ្នូ ទើបកម្លាំងចុះទៅចាប់ខ្លួនជនដៃដល់នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១។ ខ្លួនបានទាមទាសំណងចំនួន២លានរៀលស្មើរនឹង៥០០ដុល្លារ ប៉ុន្តែដោយមានការសម្របសម្រួលគ្នា ទើបចុះមកនៅត្រឹម៣០០ដុល្លារវិញ ប៉ុន្តែរហូតដល់វេលាយប់ថ្ងៃដដែលនៅមិនទាន់មានលុយប្រគល់ឲ្យជនរងគ្រោះនៅឡើយ ដោយរង់ចាំបងប្អូនយកលុយពីស្រុកកំណើតទៅឲ្យ៕ សុខាសែនជ័យ


ចែករំលែក៖