ខេត្តពោធិ៍សាត់៖ នារីម្នាក់បានបាត់បង់ជីវិតទាំងចងពុងអាក្រាត(អត់លីអូ) ដោយសារតែជំងឺស្កន់ជាន់បណ្តាលឲ្យដាំក្បាលចូលអាងទឹកកម្ពស់៣០សង្ទីម៉ែត្រយ៉ាងអាណោចអាធ័ម។
ហេតុការណ៍ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅហាងខារ៉ាអូខេពន្លឺច័ន្ទ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋាន នៅពេលទទួលដំណឹងនេះបានចុះពិនិត្យដល់កន្លែងកើតហេតុ និងបានថ្លែងប្រាប់ថា ជនរងគ្រោះឈ្មោះប្រាក់ ស្រីនាង ហៅញ៉ាញ់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបម្រើការងារខារ៉ាអូខេនៅហាងពន្លឺច័ន្ទ ទីកន្លែងកើតហេតុនេះតែម្តង។
ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះបានចូលក្នុងបង្គន់បន្ទប់ទឹកដើម្បីបោកខោអៅ លុះម៉ោង៩និង៥នាទីថ្ងៃ ខែ ឆ្នាំដដែល ឈ្មោះ អឿន ដា ដែលជាអ្នកបម្រើខារ៉ាអូខេពន្លឺច័ន្ទដែរនោះបានចូលក្នុងបន្ទប់ទឹកនោះដែរ ប៉ុន្តែបង្គន់បានជាប់គន្លឹះពីខាងក្នុង។ ពេលនេះ ឈ្មោះ អឿន ដា បានទៅប្រាប់ម្ចាស់ហាង ហើយម្ចាស់ហាងនាំគ្នាគាស់ទ្វារបន្ទប់ទឹកចូលទៅខាងក្នុង ស្រាប់តែឃើញជនរងគ្រោះដាំក្បាលចូលទៅក្នុងអាងទឹក ដែលមានកម្ពស់៣០សង្ទីម៉ែត្រនោះតែម្តង ទាំងចងពុងស្រាត។
ក្រោយទទួលដំណឹងនេះភ្លាម នៅម៉ោង១១និង១០នាទីព្រឹក សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ ទៅលើសព ឃើញនៅមានសភាពក្តៅឧណ្ហៗ គឺស្លាប់ដោយពុំមានអត់ស្លាកស្នាមអ្វីគួរកត់សម្គាល់ជាអំពើឃាតកម្មនោះឡើយ។
សមត្ថកិច្ចកោសល្យវិច័យបានសង្កត់ធ្ងន់ថា ជនរងគ្រោះបានស្លាប់ គឺបណ្តាលមកពីជំងឺស្កន់ជាន់រើឡើងបណ្តាលឲ្យដាំក្បាលជនរងគ្រោះចូលក្នុងអាងបន្ទប់ទឹកស្លាប់តែម្តង ៕ ប៉ឹម ពិន