ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ គួរតែមានវិធានការចំពោះ ទីតាំងក្លឹបកម្សាន្តយីហោ Rain Club ដែលតែងតែបង្កភាពអសន្តិសុខដល់សង្គម ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ កំពុងមានការភាពភយ័ខ្លាច ស្ទើររាល់យប់ ។
ជាក់ស្តែងកាលពីវេលាម៉ោង០០និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ក្នុងដីលេខ១៥៨១ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ បណ្ដាលឲ្យ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគខ្លួនត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជ័យជំនះភ្លាមៗ ក្រោយពីត្រូវយុវជនម្នាក់ទៀតយកកែវវាយបែកក្បាល គ្រាន់តែដើរទើសដៃ បង្កការភ្ញាក់ផ្អើលពេញក្នុងក្លឹបកំសាន្តរ៉េន (RAIN CLUB) ។ ចំណែកជនដល់ដៃត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ជនរងគ្រោះមានឈ្មោះ ទូច អាយុ១៨ឆ្នាំ មានទីលំនៅម្ដុំរោងចក្រស៉ីម៉ងត៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសបែកក្បាល ត្រូវបានមិត្តភ័ក្តដឹកទៅមន្ទីរពេទ្យជ័យជំនះដើម្បីសង្គ្រោះភ្លាមៗផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីបញ្ចូនបន្តទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕តាឡឹម