ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះខេត្តកណ្តាល រៀបចំពិធីពិឃាតមាន់ជល់(មាន់គក)១០០ក្បាល ដែលជាវត្ថុតាងនៃបទល្មើស ក្រោយបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល ដឹកនាំដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុន រស្មី និងចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចរៀបចំពិធីពិឃាតសត្វមាន់ជល់ចំនួន១០០ក្បាល ដែលជាវត្ថុតាងនៃបទល្មើស ក្រោយបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំនៅឃុំអរិយក្សត្រ ស្រុកល្វាឯម នាពេលកន្លងមក ។

ពិធីពិឃាតមាន់ជល់ជាង១០០ក្បាលនេះ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងទីតាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចែកជូនកម្លាំងប្រតិបត្តិការចូលរួមបង្ក្រាបយកទៅទទួលទាន និងក្នុងគោលបំណងកុំឲ្យក្រុមញៀនល្បែងបក្សីកីឡា យកមាន់គកទាំងនេះទៅបង្កាត់ពូជបន្តប្រព្រឹត្តបទល្មើសល្បែងបញ្ជល់មាន់តទៅទៀត ។

គួររំឭកថា ប្រតិបត្តិការទ្រង់ទ្រាយធំ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧កន្លងមកដែលមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំបើកលេងយូរឆ្នាំមកហើយនោះ នៅភូមិ សាស្ត្រឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ជាលទ្ធផលឃាត់មនុស្សជាង១០០នាក់ ខណៈកំពុងចូលលេងល្បែង ក្នុងនោះកម្លាំងចម្រុះដក ហូតរថ យន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង ។ ក្រៅពីឃាត់មនុស្សកម្លាំងសមត្ថកិច្ចចាប់យក មាន់ជាច្រើនក្បាល(១០០កបាល) សុទ្ធតែជាប្រភេទមាន់ជល់ទាំងអស់ ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍សេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ៅ ភិរុណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាលផងដែរ ៕ ស្អាងជ័យ


ចែករំលែក៖