ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងទទួលផលចោរកម្មមួយកន្លែងត្រូវបាននគរបាលប៉ុស្តិ៍កាកាបទី២ ឆ្មក់បង្ក្រាបឃាត់ខ្លួនមេក្លោងនិងបក្ខពួក២នាក់ដកហូតម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបានប៉ុស្តិ៍កាកាបទី២ បើកបើកប្រតិបត្តិការ ឆ្មក់ចុះទៅបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ដែលមានទីតាំងនៅចំណុចផ្ទះលេខ១៤B ក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដោយឃាត់ខ្លួនមេក្លោង និងបក្ខពួក២នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ជនសង្ស័យទី១.ជាមេក្លោងឈ្មោះ នួន តេងលី អាយុ ៣៤ឆ្នាំភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ជនសង្ស័យទី២.ឈ្មោះ ស៊ី សោម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះដឹងនាំដោយ លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ដោយមានការបញ្ជាផ្ទាល់ពី លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មានការសម្របសម្រួលពី លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងចុះបង្ក្រាបមានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរបានរាយការសម្ងាត់ថា ឃើញមានទីតាំងខាងលើតែងតែទទួលម៉ូតូមកបញ្ចាំ ទោះគ្មានឯកសារពាក់ព័ន្ធក៏ដោយ ទើបលោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍ឲ្យសើបអង្កេតរហូតចុះឆែកឆេរកឃើញម៉ូតូចំនួន៥គ្រឿងផងដែរ ដែលពួកគេបានដោះដូរបំណែកខុសៗគ្នា ហើយបានឃាត់ខ្លួន និងនាំខ្លួនមកសាកសួនៅប៉ុស្តិ៍នគរបាលកាកាប២តែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូន ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធី៕សុខាសែនជ័យ


ចែករំលែក៖