ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ផឹកស្រាស្រវឹងសង្ស័យមានវិបត្តិផ្លូវចិត្តចងកសម្លាប់ខ្លួននៅស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញស្ត្រីម្នាក់ស្លាប់ចងកនៅក្នុងផ្ទះ កាលពីនៅ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩យប់ នៅភូមិរវៀង ឃំុគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុក កម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់គ្រូពេទ្យជំនាញបាន ចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងពិនិត្យសាកសព ។

ប្រភពបន្តថា សាកសពដែលប្រទះឃើញមានឈ្មោះសេក សាវ៉ុន អាយុ៥០ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ម្ដាយមានជំងឺប្រចាំកាយ និងពិសាស្រាជារៀងរាល់ថ្ងៃហើយ ដោយត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយថវិកាមិនមានគ្រប់គ្រាន់ ចេះតែទុកទៅ។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសព រួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនមែនជារឿងឃាដកម្មនោះទេ ៕ យឹម សុថាន


ចែករំលែក៖