ខេត្តមណ្ឌគិរី៖ បុរសម្នាក់ជិះម៉ូតូល្បឿនយ៉ាងលឿន បត់ឆ្វេងចូលផ្ទះមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្ណាលឲ្យរងរបួសយ៉ាងធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូទិសដៅពីលិចទៅកើត ហើយកាច់បត់ចូលផ្ទះនៅខាងឆ្វេងដៃមិនប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តបើកបរស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ ក៏បានបុកពេញទំហឹងតែម្តងបណ្តាលឲ្យអ្នកជិះម៉ូតូខ្ទាតអូសលើផ្លូវកៅស៊ូជាច្រើនម៉ែត្ររងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឹង ចាប ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកវ៉េវអត់ស្លាកលេខ និងមានរងរបួសកជើងខាងឆ្វេងធ្ងន់ធ្ងរ និងដាច់រលាត់ចង្កេះ ។
ឯរថយន្តបង្ករម៉ាកកាមរី ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២Q០៨៤៤ បើកបរដោយឈ្មោះ ប្រាក់ សុខុន ភេទប្រុស អាយុ៥៨ឆ្នាំ ជាអ្នកសារព័ត៌មានបានរត់គេចខ្លួនបាត់ភ្លាមៗបន្ទាប់ពីកើតហេតុ។
សមត្ថកិច្ចចរចរណ៍បានធ្វើការរិបអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមារង់ចាំដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក៕ សហការី