របាយការណ៍មួយបានផ្សាយថា ប៉ូលិសអាមេរិកបានចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជិត ១៥០.០០០ នាក់នៅក្នុងប្រទេសអាមេរិក ក្នុងឆ្នាំ២០១៧នេះ។
របាយការណ៍ស្តីពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍និងគយរបស់អាមេរិក បានសរសេរថា បានចាប់ខ្លួនតាមច្បាប់ជនអន្តោប្រវេសន៍ខុសច្បាប់១៤៣.៤៧០នាក់ នៅឆ្នាំ២០១៧ កើនឡើង៣០ ភាគរយប្រៀបធៀបឆ្នាំមុន។
ការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់សរុបនៅអាមេរិក ក្រោយថ្ងៃទី២០ ខែមករា មានប្រមាណ១១០.៥៦៨នាក់ កើន៤២ភាគរយ គិតអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លង។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានចូលកាន់តំណែងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ។ នៅថ្ងៃទី២៥ ខែមករា បានចេញបញ្ជាដល់កងកម្លាំងអនុវត្តច្បាប់ចាត់វិធានការតឹងរ៉ឹងពាក់ព័ន្ធបញ្ហាជនអន្តោប្រវេសន៍ ដែលក្នុងនោះមានហាមប្រាមប្រទេសដែលមានពលរដ្ឋមូស្លីមច្រើនបំផុតនៅលើពិភពលោកចូលមកទឹកដីអាមេរិកថែមទៀតផងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងទូទាំងសកលលោក។
បាតុកម្មប្រឆាំងបទបញ្ជារបស់លោកដូណាល់ ត្រាំ បានកើតឡើងបន្តបន្ទាប់ រហូតដល់ពេលខ្លះមានផ្ទុះអំពើហិង្សាផងដែរ។
ខណៈក្រុមអ្នកគាំទ្របានអបអរសាទរចំពោះគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោកដូណាល់ ត្រាំនេះ ក៏មានការលើកឡើងដោយព្រួយបារម្ភថា ការអនុវត្តបែបនេះជាអំពើរើសអើងដ៏ធ្ងន់ធ្ងរ៕