ភ្នំពេញ៖ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ ចេញដីកាកោះអញ្ជើញលើកទី៣ ឱ្យលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
ដីកាកោះរបស់លោក គី ឫទ្ធី តម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ “គ”ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។
សាលាដំបូងរាជធានីភ្នំពេញ ពេលនេះ បាននិងកំពុងដំណើរការនីតិវិធី ដើម្បីឈានទៅដល់ការដាក់ទោសលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ ខ្លួន នៅ គេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃ ទី០៣ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ បង្ហាញថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីអនុវត្តការងារនៅកម្ពុជាដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៉ឺប៊ី ។ រាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាន៕ ចេស្តា