ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌសរុបចំនួន ១៦រូប លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោក មេបញ្ជាការកងរាជធាវុធហត្ថខណ្ឌ លោក នាយក-នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះជំនាញទាំងអស់ លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។ ក្នុងនោះអង្គប្រជុំបានពិនិត្យ ឆ្លង និង អនុម័តលើរបៀបវារៈចំនួន ១០ រួមមាន៖
១-ផ្សព្វផ្សាយប្រកាសលេខ ៧៣២២ប្រក ចុះថ្ងៃទី០២-១២-២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញ លើកទី៤២ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២ ។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ការអនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មសាធារណៈឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៥-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៦-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដូនពេញ ។
៧-ឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងារប្រចាំខែ ធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៨-ឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងារប្រចាំឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៩-ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ ធ្នូ ឆ្នាំ២០១៧ ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ ។
១០-ការងារផ្សេងៗ ៕ស តារា