ព័ត៌មានទាន់ហេតុការណ៍៖

អំពើឃាតកម្មកាប់សម្លាប់ស្រីមានផ្ទៃពោះ៨ខែនិងវាយកូនស្រី៣ឆ្នាំរងរបួសធ្ងន់នៅក្នុខ្ទមចាំចំការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់មានផ្ទៃពោះ៨ខែ បានរងដោយអំពើឃាតកម្មវាយ និងកាប់សម្លាប់ ប្រើដោយពូថៅ និងបានវាយកូនស្រីស្រ្តីរងគ្រោះម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ពីជនមិនស្គាល់អត្តសញ្ញាណ នៅក្នុងខ្ទមចាំចំការមួយកន្លែងចម្ងាយពីភូមិ៧ទៅ៨គីឡូម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២រសៀល នៅចំណុចដងកក់ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះក្នុងអំពើឃាតកម្មនោះមានឈ្មោះ ហួន រ៉ានី អាយុ ៣០ឆ្នាំ រស់នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល (ជនរងគ្រោះមកស្នាក់នៅធ្វើស្រែចំការនៅភូមិឃុំខាងលើ) និងកូនស្រីរងរបួសឈ្មោះ ភាស់ ចរិយា ភេទស្រី អាយុ ០៣ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកបាត់ដំបង។

សេចក្តីរាយការណ៍ឱ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះនិងកូនស្រីបាននៅក្នុងខ្ទមចាំចំការតែ២នាក់ម្តាយកូននៅតំបន់ដាច់ស្រយាលពីភូមិ ។ ចំណែកប្តីស្រ្តីរងគ្រោះបានដឹកឳឡឹកយកទៅលក់នៅផ្សារ។ លុះបន្ទាប់មកមិនដឹងពីមូលហេតុអ្វី បានជាជនមិនស្គាល់អត្តសញ្ញាមកវាយ និងកាប់សម្លាប់ទៅលើស្រ្តីរងគ្រោះ និងកូនស្រី បែបនោះ។ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ក្រោយមកទើបមានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដើម្បីបើកស្រាវជ្រាវស៊ើបអង្កេតទៅលើសំណុំរឿងឃាតកម្មមួយនេះ។ អំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថាជាប់ពាក់ព័ន្ធមូលហេតុអ្វីនៅឡើយនោះទេ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា នៅថ្ងៃទី២៩ ខែធ្នូ សមត្ថកិច្ចកំពុងតាមប្រមាញ់រកចាប់ជនសង្ស័យតាមព្រៃ ប៉ុន្តែមិនទាន់មានពន្លឺនៅឡើយនោះទេ ៕ សំ វិច្ឆិកា

 


ចែករំលែក៖