ខេត្តកណ្តាល៖ ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោកសូ សារិន បំភ្លឺករណីដែលតុលាការខេត្តកណ្តាល ចេញដីកាសម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ។ ការបំភ្លឺនេះ បន្ទាប់ពីសាធារណជន រិះគន់យ៉ាងខ្លាំងក្លាអំពីការសម្រេចនេះ ដែលថាមានរូបភាពសហាវឃោរឃៅ ស្របពេលប្រជាជនកាន់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។
លោក សូ សារិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ អះអាងថា ការសម្រេចនេះ គឺ យោងលើហេតុផលមួយចំនួន ដូចជា ៖ដោយសារសត្វមាន់ច្រើន ពិបាកក្នុងការថែរក្សា ហើយមាន់ខ្លះមានជំងឺផ្តាសាយបក្សីថែមទៀតផង ។ ការចំណាយទៅលើការថែរក្សាសត្វមាន់ គឺជាបន្ទុកមួយទៀត។
លោក សារិន ថា”នៅដំណាក់កាលស៊ើបសួរ គឺមានឯកសារគ្រប់គ្រាន់ដែលបានថតទុក មានឯកសារប្រគល់វត្ថុតាងត្រឹមត្រូវ មិនប៉ះពាល់ដល់ដំណាក់កាលចៅក្រមជំនុំជម្រះទេ”។
ពាក់ព័ន្ធរូបភាពនៃការកម្ទេចមាន់ ត្រូវបានលោកសូ សារិន បដិសេធពុំធ្វើអត្ថាធិប្បាយទេ វាជាសមត្ថកិច្ចរបស់ប៉ូលិស។ ប៉ុន្តែការបកស្រាយបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោក សូ សារិន ត្រូវបានអ្នកច្បាប់ និងជំនាញក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះចាត់ទុកថា៖ ការបំភ្លឺ ករណីពិឃាតកម្ទេចមាន់ដ៏សហាវឃោឃៅនោះ គ្មានមូលដ្ឋានច្បាប់ជាក់លាក់ និយាយអោយរួចពីមាត់។ ក្នុងនោះគេបានធ្វើការលើកឡើងថា៖ ចំពោះការសម្រេចពីតុលាការដោយហេតុផលថា មាន់ជាវត្ថុតាងបទល្មើសមានជម្ងឺផ្តាសាយបក្សីនោះ តើតុលាការបានការឯកភាពពីជំនាញអោយកម្ទេចចោលឬអត់ បើកម្ទេចតើធ្វើតាមនីតិវិធីអ្វីខ្លះ ដើម្បីបញ្ចៀសការឆ្គងជំងឺរាលដាល? ផ្ទុយទៅវិញបើមាន់ជាវត្ថុតាងដកហូតមានជម្ងឺផ្តាសាយបក្សី ហេតុអីមិនអោយដំណឹងទៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឬខាងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នាយកដ្ឋានបសុពេទ្យព្យាបាល ឬយ៉ាងហោចណាស់ក៏ផ្តល់ព័ត៍មានត្រឹមជំនាញសុខភាពថ្នាក់ភូមិចុះមកមើល ចាត់ចែងអនុវត្តនីតិវិធី ទៅលើទីតាំងពិឃាតកម្ទេចមាន់ចោល ដើម្បីទប់ស្កាត់នៃជម្ងឺឆ្លង ច្បាប់ស្តីពី៖ សុខភាពសត្វ និងផលិតកម្មសត្វ។
ការបកស្រាយថាមានជម្ងឺផ្តាសាយបក្សីនេះទៀតសោតតើខាងតុលាការបានសំអាងលើអ្វី បានដឹងដោយមធ្យោបាយណា ហើយបើមានជម្ងឺផ្តាសាយបក្សីនេះពិតមែន ការសម្រេចពិឃាតកម្ទេចមាន់មានការត្រួតពិនិត្យត្រឹមត្រូវឬអត់តាមវត្ថុតាងដកហូតពីបទល្មើស.? មានការខ្សឹបខ្សៀវខ្លះមិនអាចចាត់ទុកជាមូលដ្ឋានជាក់លាក់ត្រូវបានគេសង្ស័យថា៖ អាចការកម្ទេចមាន់ តាមរបៀប កាត់ អាករ មិនមែនជាវត្ថុតាង ឬត្រូវបានយកមាន់គក ពូជមិនមានតំលៃមកពិឃាតធ្វើឡើងដោយតក់ក្រហល់។ ព្រោះថាមាន់ជាវត្ថុតាងបទល្មើសគឺប្រភេទមាន់ពូជល្អៗ និងមានតម្លៃខ្ពស់ យ៉ាងហោចណាស់ចាប់ពិ៥០០០ដុល្លារទៅ ១០០០០ដុល្លារ។ ជាក់ស្តែងមានជនសង្ស័យមកធ្វើសកម្មភាពលួចមាន់១ក្បាលដើម្បីអោយម្ចាស់ដើមវិញក្នុងតំលៃ៥០០០ដុល្លារ តែករណីនេះត្រូវបានបង្ក្រាបដោយសមត្ថកិច្ចនគរបាលខេត្តកណ្តាលក្នុងបទល្មើសជាក់ស្តែង។ និយាយជារួមផ្អែកលើទិដ្ឋភាពច្បាប់ស្តីពី៖ សុខភាពសត្វ និងផលិតកម្មសត្វ ចំពោះករណីពិឃាតសត្វមានជម្ងឺ យកសាច់ ធ្វើជាអាហារ ឬកែច្នៃ ចែកចាយដល់អតិថិជន ចែកគ្នាយកមកបរិភោគ ក៏មានទោសពិន័យអន្តរការដែរ។ នេះមិនទាន់គឹតដល់ការពិឃាតកម្ទេចមាន់ ដោយប្រើរូបភាពកាត់ករ អាករ បង្ហាញពីភាពសហាវឃោឃៅនោះផង។
គួរបញ្ជាក់ថា អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើន រិះគន់ចំណាត់ការតុលាការខេត្តកណ្តាល ដែលចេញដីកាសម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ដែលមានម្ចាស់ទីតាំងឈ្មោះ ថៃ ផានី ហៅម៉ាប់អូស្ត្រាលី ។ អ្នកច្បាប់ថា ការកម្ទេចវត្ថុតាងបទល្មើសនេះ គឺ ខុសនីតិវិធី រីឯមជ្ឈដ្ឋានជាច្រើន ថា មនុស្សប្រព្រឹត្តល្មើស បែរជាសម្លាប់សត្វមាន់ទៅវិញ ។
ទោះបីយ៉ាងណា តុលាការខេត្តកណ្តាល សំអាងថា ដោយសារការលំបាកនៃការថែរក្សានិងកុំឱ្យបទល្មើសកើតឡើងជាថ្មី ទើបសម្រេចបែបនេះ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែធ្នូ សម្រេចកម្ទេចមាន់ជល់ចំនួន៩២ក្បាល តាមដីកាសម្រេចរបស់តុលាការខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកស្រី ពេជ ម៉ារ៉ែន អនុប្រធានសាលាដំបូងខេត្តកណ្តាល និង លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ។
ដីកាសម្រេចរបស់តុលាការខេត្តកណ្តាល យល់ឃើញថា”ការថែរក្សានូវមាន់ជល់ចំនួន៩២ក្បាល មានការលំបាកនិងចំណាយសោហ៊ុយផ្សេងៗនិងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី និង ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ “។
ក្រោយព្រឹត្តិការណ៍នៃការកម្ទេចមាន់ជល់នេះ អ្នកច្បាប់និងមជ្ឈដ្ឋានជាច្រើនបានរិះគន់នូវចំណាត់ការនេះ។
មេធាវីមួយរូបសុំមិនបញ្ចេញឈ្មោះ លើកឡើងថា””ខុសនីតិវិធីហើយ សម្រេចរឹបអូសនិងបំផ្លាញចោល ដូចលឿនពេក ខណៈស៊ើបអង្កេតមិនទាន់ចប់ និងមិនបានឆ្លងសវនាការ”។
មេធាវីរូបនេះបន្តថា”គេត្រូវរក្សាទុកវត្ថុតាងជូនតុលាការ។ តុលាការកាត់ក្តីផ្អែកលើភស្តុតាង បើបំផ្លាញភស្តុតាងមុន តុលាការសម្រេចសេចក្តីបានពេលលេញទេ។ ការប្រគល់វត្ថុចាប់យកឱ្យម្ចាស់ លុះត្រាវត្ថុចាប់យកមិនមែនជាភស្តុតាងនៃបទល្មើស។ មាន់ជល់ជាភស្តុតាងនៃបទចោទប្រកាន់ភ្នាល់ចាក់លុយ ចុះបើអត់មាន់ តើដាក់ទោសថាយកមាន់មកជល់ត្រឹមត្រូវទេ បើជនត្រូវចោទឆ្លើយថា គាត់មកឈរមើល គាត់អត់បានយកមាន់មកជល់ មកភ្នាក់ស៊ីលុយផង ដាក់ទោសម៉េច ។ មាត្រា១៦១ មាត្រា៣២១ មាត្រា៣៣២ និងមាត្រា៣៥៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ”។
ក្រឡេកមើលមជ្ឈដ្ឋានជាច្រើន ពិសេសអ្នកលេងហ្វេសប៊ុកវិញ រិះគន់យ៉ាងចាស់ដៃផងដែរ ។ គណនីហ្វេសប៊ុកឈ្មោះ “មរតកជាតិ”សរសេរថា “ថ្ងៃនេះអាគកច្រើនជាង៩០ក្បាល ត្រូវបានកាត់ក្បាលប្រហារជីវិត និងកម្ទេចសាកសព តាមអំណាចសាលក្រម នៃឆន្ទានុសិទ្ធិរបស់តុលាការខេត្តកណ្តាល ព្រោះគេរកឃើញថាពួកវាទាំងនោះជាដើមហេតុនាំឲ្យមានការជល់ដាក់លុយសន្ធឹកសន្ធាប់នៅសង្វៀនជល់មាន់ដ៏ធំនៅតំបន់អារិយក្សត្រ ខេត្តកណ្តាល។
ចុះបើថ្ងៃក្រោយគេរកឃើញថា កីឡាបាល់ទាត់ និងកីឡាប្រដាល់ ជាដើមហេតុនាំឲ្យមានការចាក់ភ្នាល់លុយ តើអាចនឹងមានចំណាត់ការលើកីឡាករប្រដាល់ និងកីឡាករបាល់ទាត់ដូចអាគកទាំងនោះទេ???????”។
ហ្វេសប៊ុកមួយទៀតឈ្មោះ “Sophal Chhay Journalist” សរសេរថា”មាន់ជិត១០០ក្បាល កាលនៅរស់គេធ្វើបាបក្រុងក្នុងទ្រុង គេឲ្យវ៉ៃបុកបែកមុខមាត់ឈឺសុសចាច់ ទីបំផុតត្រូវបានគេកម្ទេចដោយអាកស្រោចឈាមលើធរណីទៀត!!! សូមសោយសុគតិភព ហើយកើតជាតិក្រោយ កុំឲ្យជួបកម្មបែបនេះទៀត!! រឿងនេះល្បីពេញភូមិ”។
“Nov Sivutha”សរសេរថា”ដីកាប្រហារសត្វមាន់ជល់ ៩២ក្បាលនៅខេត្តកណ្តាល.. ពិតជាមិនដែលមានទេលើលោកនេះ….បើបានឱ្យ២ទៅ៣ក្បាលទុកដុតក្លែមមិនដឹងជាឆ្ងាញ់យ៉ាងណា”។ នៅមានហ្វេសប៊ុកជាច្រើនទៀត លើកឡើងពីការកម្ទេចមាន់នេះ ។
ហ្វេសប៊ុកមួយទៀតទំនងជាអ្នកអនុវត្តច្បាប់បានបញ្ចេញនូវទស្សនៈថា៖ តែទោះបីយ៉ាងណាក៏មិនត្រូវជ្រើសរើសយកវិធីដែលមានលក្ខណៈបង្ហាញពីភាពសាហាវឃោរឃៅនិងធ្វើទារុណកម្មលើសត្វដែរ ព្រោះជាទង្វើខុសច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វម៉្យាងទៀតបើសត្វមាន់នេះជាប្រភេទមាន់ពូជកម្រវិញនោះក៏ត្រូវមានវិធានអភិរក្សដែរព្រោះច្បាប់បានកំណត់ឲ្យអង្គភាពជំនាញទទួលបន្ទុកផលិតកម្មនិងបសុព្យាបាលត្រូវស្រាវជ្រាវបង្កើតនិងធ្វើបច្ចុប្បន្នកម្មបញ្ជីពូជសត្វក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជាបែរជានាំគ្នាពិឃាដយកទៅធ្វើម្ហូបហូបទៅវិញដោយមិនទាន់ឆ្លងកាត់ការត្រួតពិនិត្យពីបសុពេទ្យនៅឡើយចុះបើមាន់នោះបែរជាមានជម្ងឺឆ្លងទៅវិញតើបញ្ហាគ្រោះថ្នាក់នេះអ្នកណាទទួលខុសត្រូវ?និយាយជារួមទង្វើទាំងអស់នេះគឺមិនបានថ្លឹងថ្លែងឲ្យបានត្រឹមត្រូវទាំងតាមទិដ្ឋភាព នយោបាយ ច្បាប់ និងសង្គម។ ហ្វេសប៊ុកមួយនេះមានអ្នកគាំទ្រនិងចាត់ទុកថា គាត់មានគំនិតល្អសម្រាប់ការចែករំលែកពីទិដ្ឋភាពច្បាប់អោយមន្រ្តីនគរបាលយុត្តិធម៍មានការថ្លឹងថ្លែងមុននឹងសម្រេចអនុវត្តអ្វីមួយផ្ទុយពីស្មារតីច្បាប់៕ សុខ ខេមរា